Zinedine Zidane មិនមានចំណាប់អារម្មណ៍ក្នុងការចូលមកដឹកនាំក្លឹប Man United នោះទេ។ សម្ពាធ បានកើនឡើងសាជាថ្មីម្តងទៀតលើអ្នកចាត់ការទូទៅក្លឹបបិសាចក្រហមបច្ចុប្បន្នលោក Ole Gunnar Solskjaer បន្ទាប់ពីចាញ់ក្រុមគូប្រជែងក្លឹបរួមទីក្រុង Man City ក្នុងលទ្ធផល ២ទល់និង០កាលពីថ្ងៃសៅរ៍ក្នុងការប្រកួត ក្របខណ្ឌPremier Leagueសប្តាហ៏ទី១១ ។

លោក Antonio Conte ដែលជាបេក្ខភាពឈានមុខក្នុងការមកស្នងតំណែងនេះប៉ុន្តែគ្រូបង្វឹក សញ្ជាតិអ៊ីតាលីរូបនេះត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់តាំងពីពេលនោះមក។

គួរបញ្ជាក់ថាបុរសសញ្ជាតិបារាំង Zidane នៅតែជាបេក្ខភាពដែលត្រូវបានគេមើលឃើញថានិងមកជំនួសតំណែង លោកSolskjaer ខណៈដែលរូបលោកមិនមានក្លឹបដឹកនាំទេក្រោយសម្រេចចិត្តលាឈប់ពីក្លឹបអធិរាជស Real Madrid កាលពីដើមឆ្នាំ២០២១នេះ។

ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាជារឿងដែលមិនអាចទៅរួចទេ សម្រាប់បុរសវ័យ ៤៩ឆ្នាំរូបនេះ ក៏ព្រោះតែរូបលោកមានបំណងនិងមហិច្ឆតាចង់ដឹកនាំក្រុមមាន់គកបារាំងជំនួសវិញ។ ក្រៅពីលោកZidane គ្រូបង្វឹក Leicester City លោក Brendan Rodgers ត្រូវបានបណ្តាញសារពត៌មានលើកឡើងថា បានយល់ព្រមលើ កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយម្ចាស់ជើងឯកអង់គ្លេស ២០ សម័យដើម្បីជំនួសលោក Solskjaer ។

ប្រភព sportsmole