លោក Quique Setien មិនអន់ចិត្តនឹងលទ្ធផលស្មើគ្នា ០ទល់និង០ រវាងក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ Sevilla នៅយប់ថ្ងៃសុក្រកន្លងទៅនោះទេ។ វាជាការប្រកួត លើកទី ៣ និងជាសប្តាហ៏ទី៣០ក្រោយលីកកំពូលអេស្បាញពន្យាពេលដោយសារមេរោគកូវីត-១៩។ ទោះយ៉ាងក្រុមគេមិនអាចបន្តរក្សាគម្លាតនាំមុខពីក្រុមគូប្រជែង អធិរាជស Real Madrid ដល់ទៅ៥ពិន្ទុបាន ខណៈក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane មាន១ប្រកួតនៅក្នុងដៃ។
បើទោះបីមិនអាចបង្កើនគម្លាតបានលោក Setien យល់ថាក្រុមរបស់គ្រូបង្វឹក Zinedine Zidane នឹងមិនប្រាកដ ១០០ភាគរយដើម្បីឈ្នះរាល់ការប្រកួត ដែលនៅសល់របស់ពួកគេនោះបានទេ ។
អតីតគ្រូបង្វឹក Real Betis វ័យ៦១ឆ្នាំរូបនេះ ត្រូវបានគេហទំព័រ Marca ដកស្រង់សំដីថា៖ «ខ្ញុំមិនគិតថា Real Madrid នឹងឈ្នះរាល់ការប្រកួតរបស់ពួកគេនោះទេ។ យើងបានដឹងជាមុនថាវាពិតជាលំបាកណាស់ក្នុងការឈ្នះរាល់ការប្រកួតទាំងអស់ដែលនៅសល់ទេ»។
Barcelona និងបន្តសកម្មភាពប្រកួតសប្តាហ៏ទី៣១នៅយប់ថ្ងៃអង្គារនេះនៅពេល ពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Bilbao ខណៈ Real Madrid មានឪកាសរកពិន្ទុតាមស្មើប្រសិនពួកគេផ្តួល ម្ចាស់ផ្ទះ Sociedad នៅថ្ងៃអាទិត្យនេះបាន៕
អត្ថបទ៖ Polin