ក្រុម Liverpool នឹង​ត្រូវ​ការ​ជំនួយ​ពី​ក្លិប Manchester City ដើម្បី​លើក​ពាន​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​១​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ នៅ​សប្តាហ៍​នេះ ក្រោយ​ពី​បានប​ញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Everton ក្នុង​​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់ Merseyside នៅ​កីឡដ្ឋាន​ដែល​គ្មាន​អ្នក​ទស្ស​នា កាលពីថ្ងៃ​អាទិត្យ​។

Everton ស្ទើរ​តែ​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ទៅ​ហើយ ខណៈ​ដែល Tom Davies បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹង​បង្គោល​ទី ហើយ​អ្នក​ចាំ​ទី Alisson Becker បាន​សង្គ្រោះ​បាល់​​យ៉ាងល្អពី​​ការ​ស៊ុត​របស់​កីឡាករ Dominic Calvert-Lewin ដើម្បី​​រា​រាំងក្រុម Everton មិន​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​ជាលើក​ទី​១​​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។ Liverpool នៅ​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ពាន​រង្វាន់​លីក ក្រោយពី​​បាន​នាំមុខ​២៣ពិន្ទុ​ដាច់​លើក្រុម Man City របស់​លោក Pep Guardiola​។

ប្រសិន​បើ Man City បាត់បង់​ពិន្ទុ នៅ​លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Burnley នៅ​រា​ត្រីនេះ នោះ​ក្រុម Liverpool អាច​លើក​ពាន នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Crystal Palace នៅ​កីឡដ្ឋាន Anfield នៅ​​រាត្រីថ្ងៃពុធ​​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Frank Lampard ជឿជាក់​ថា ខ្សែ​បម្រើ Christian Pulisic អាច​ក្លាយ​ជា​កីឡាករ​ដ៏សំខាន់​របស់ Chelsea ក្នុង​ការ​ប្រជែង​ដណ្តើម​យក​កៅអី​​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​ការ​រក​គ្រាប់​បាល់​កាត់សេចក្តី​របស់​គេ​នៅ​​កីឡដ្ឋាន Aston Villa​។ ក្រុម​របស់​លោក Lampard បាន​ជួ​ប​ការ​ភិត​ភ័យនៅពេល Kortney Hause ជួយ​ឲ្យ Aston Villa រក​បាន​គ្រាប់​បាល់​មុន នៅ​តង់​ទី​១ មុន​នឹង​ Chelsea បាន​វាយ​បក​វិញ​ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១៕

ប្រភព​ព័ត៌​មាន៖ Channel News Asia