លោក Maurizio Sarri គ្រូបង្វឹក​របស់​ក្លិប Juventus បាន​ប្រាប់ Cristiano Ronaldo មិន​ឲ្យ​បារម្ភ​ពី​​ការ​ព្យា​យាម​ការ​ស្វែង​រក​ទម្រង់​លេង​ដ៏ល្អ​របស់​ខ្លួន​ត្រឡប់​មក​វិញ​​​ក្នុង​រដូវ​កាល​នេះ តាម​រយៈ​ការ​បញ្ជាក់​កាលពីថ្ងៃ​​អាទិត្យ​ថា តារា​ឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ នឹង​វិល​ទៅកាន់​​រក​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់ខ្លួន​។

ពួក​គេ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួតក្រប​ខ័ណ្ឌ Serie A ជាលើក​ដំបូង​របស់​ខ្លួន ក្នុង​រយៈ​ពេល​៣​ខែ នៅពេល​ប៉ះ​ជាមួយ​នឹងក្រុម Bologna នៅ​រាត្រី​ថ្ងៃ​ចន្ទ​នេះ ពោល​គឺ​រយៈពេល​៤​ថ្ងៃ ក្រោយពី​ការ​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Napoli ក្នុង​ពាន Italian Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។ ក្រុម​កំពុង​​តែ​នាំ​មុខ​លើ​តា​រាង​ក្រប​ខ័ណ្ឌ Serie A មួយ​នេះ មិន​បាន​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​​ឡើយ​ក្នុង​​ការ​ប្រកួតពាន Italian Cup ទាំង​២លើក​របស់​ខ្លួន ចាប់​តាំងពី​រដូវ​កាល​របស់​អ៊ី​តាលី បាន​វិល​ទៅ​ប្រកួត​វិញ ក្រោយ​ពី​កា​រផ្អាក​​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា​។

ក្នុង​ការ​ប្រកួត​លើក​ទី​១ Juventus បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម AC Milan ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ Ronaldo បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិនចូល​ទី និង​ពេល​ប៉ះ​ជា​មួយ​នឹងក្រុម Napoli នៅមុន​ពេល​ចាញ់​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់ទី ៤-២។ លោក Sarri បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​​និយាយ​ជាមួយនឹង Cristiano ម្តង​ទៀត​កាលពី​ម្សិលមិញ​។ រូប​គេ​មិន​ត្រូវ​បារម្ភពី​ការ​ជឿជាក់​ឡើយ​។ រូប​គេ​មិន​ត្រូវ​បាត់បង់​ការ​ជឿជាក់​ឡើយ ហើយ​នៅពេល​ដែល​រូប​គេ​វិល​ទៅ​រក​ភាពខ្លាំង​វិញ គេ​នឹង​ក្លាយ​កីឡាករ​ដ៏អស្ចារ្យ​បំផុត​ម្តង​ទៀត​»​។ Ronaldo វ័យ​៣៥​ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៥​គ្រាប់​សម្រាប់​ក្លិប Juventus ក្នុង​រាល់​​យុទ្ធនាការ​ទាំង​អស់ នៅ​រដូវ​កាលនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia