ខ្សែប្រយុទ្ធ Cristiano Ronaldo និង Paulo Dybala រកបានគ្រាប់បាល់បញ្ចូលទីនៅដើមតង់ទីដូចគ្នា ខណៈដែលក្រុម Juventus បានបំភ្លេចការខកចិត្តក្នុងការប្រកួតពាន Italian Cup វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Bologna កាលពីថ្ងៃចន្ទ និងដើម្បីនាំមុខ៤ពិន្ទុដាច់លើក្រុម Lazio នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A។

តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងការប្រកួតពាន Italian Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេលប៉ះជាមួយនឹងក្រុម AC Milan និងមិនបានរកគ្រាប់បាល់បញ្ចូលទីឡើយ ក្នុងពេលក្រុម Juventus បានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី ៤-២ ក្រោមស្នាដៃក្រុម Napoli។

ប៉ុន្តែ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ មិនបានធ្វើឲ្យមានកំហុសឡើយ ក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី១របស់ Juventus បើគិតចាប់តាំងពីបានផ្តួលក្រុម Inter Milan ២-១ ក្នុងទីក្រុង Turin កាលពីថ្ងៃទី៨ ខែមីនា។ រូបគេបានស៊ុតបាល់ប៉េណាល់ទី ក្រោយពីលេងបានរយៈពេល២៦នាទី ដើម្បីរកគ្រាប់បាល់ទី២៦របស់គេសម្រាប់ក្លិប Juventus ក្នុងរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ។

ខ្សែប្រយុទ្ធ Paulo Dybala បានស៊ុតបាល់កោងចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី២នៅនាទី ទី៣៦ ខណៈដែលក្រុម Juventus ដែលកំពុងតែប្រជែងរកការឈ្នះពាន Serie A ជាលើកទី៩ជាប់ៗគ្នានោះ បាននាំមុខ៤ពិន្ទុដាច់លើក្រុមឈរលេខ២ Lazio៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia