លោក Pep Guardiola ព្រួយបារម្ភថា Sergio Aguero អាចនឹងត្រូវសម្រាកមិនអាចចូលលេងបានសម្រាប់ការប្រកួតដែលនៅសល់សម្រាប់រដូវកាល២០១៩២០២០នេះ។ ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានប្តូរចេញនៅតង់ទី១កំលុងពេលជ័យជម្នះ ៥ទល់និង០ លើក្រុម Burnley ដោយបញ្ហារបួសជង្គង់ ក្រោយប៉ះទង្គិចជាមួយ ប្រធានក្រុម Burnley កីឡាករ Ben Mee ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Guardiola បានបង្ហើបប្រាប់ថា Aguero បានតស៊ូ ជាមួយនឹងបញ្ហាជង្គង់ចាប់តាំងពីវិលត្រលប់ពីការផ្អាកដោយសារមេរោគកូវីត-១៩។ កីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុតអោយក្រុមមេឃខៀវវ័យ ៣២ ឆ្នាំរូបនេះនឹងត្រូវឆ្លងកាត់ការធ្វើតេស្តសរីរាង្គនៅថ្ងៃអង្គារនេះ ។

គ្រូបង្វឹក Man. City បន្តថាអតីតខ្សែប្រយុទ្ធក្រុម At.Madrid រូបនេះ នឹងត្រូវខកខានការប្រកួតយ៉ាងតិចពីរទៅបីលើកទៀតរឺធ្ងន់ធ្ងរជាងនេះរូបគេអាចនឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់រួមព្រមទាំងខ័ណ្ឌ Champions League ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ផងដែរ៕

អត្ថបទ៖ Polin