អតីតខ្សែប្រយុទ្ធឆ្នើមLouis Saha បានផ្តល់ដំបូន្មានដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់Arsenal និងខ្សែបម្រើ Thomas Partey របស់ក្លិប Atletico Madrid អោយផ្ទេរទៅ​ចូលរួម​ជា​មួយអតីតក្លឹបបិសាចក្រហម Manchester United ​របស់ខ្លួន។

Aubameyang កីឡាករអន្តរជាតិហ្គាបុងនិង Partey សញ្ជាតិហ្គាណា មានការចាប់អារម្មណ៏ចង់បាន​ពីក្លឹបធំៗនៅ លីកកំពូលអឺរ៉ុបជាបន្តបន្ទាប់ ខណៈអតីតខ្សែប្រយុទ្ធក្រុមជម្រើស​ជាតិបារាំងដែល​ធ្លាប់​លេង​​អោយ Man.Utd ចន្លោះឆ្នាំ ២០០៤ និង ២០០៨ យល់ថាពួកគេទាំងពីរនិង​ជាកម្លាំង​ស្នូល​បន្ថែម​ល្អបំផុតសម្រាប់ក្រុមលោក Ole Gunnar Solskjaer ស្របពេល Aubameyang សុពល​ភាព​កិច្ច​សន្យារបស់គេ ឈានដល់ឆ្នាំចុងក្រោយជាមួយ​ Arsenal នៅចុងខែមិថុនានេះ។

សម្រាប់រដូវកាលចាស់Aubameyang អតីតខ្សែប្រយុទ្ធDormundរូបនេះ បានឈ្នះស្បែកជើងមាសនៅ​ក្របខណ្ឌ Premier League ព្រមជាមួយ Mohamed Salah និងSadio Mane របស់ហង្ស​ក្រហម​Liverpool ។ សម្រាប់បច្ចុប្បន្នរូបគេកំពុងតាមពីក្រោយកីឡាករ Jamie Vardy ក្រោយរកបាន ១៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៨ ដងនៅរដូវកាលនេះ។