ក្រុម Arsenal បានទទួលពិន្ទុជាលើកដំបូងរបស់ខ្លួន បើគិតចាប់តាំងពីក្របខ័ណ្ឌ Premier League វិលទៅប្រកួតវិញ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Southampton កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករវ័យក្មេង Eddie Nketiah និង Joe Willock។

កីឡាករទាំង២ បានដណ្តើមយកប្រៀបពីការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Alex McCarthy នៃក្លិប Southampton ខណៈដែលក្រុមកាំភ្លើងធំមួយនេះ បានវិលទៅកាន់ជម្នះវិញ ក្រោយពីបានរងបរាជ័យ២លើកជាប់ៗគ្នា ដែលបានធ្វើឲ្យក្តីនៃការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤របស់ពួកគេ កាន់តែស្ថិតក្នុងភាពស្តួចស្តើង។

ការបញ្ជូនបាល់របស់អ្នកចាំទី McCarthy នៅនាទី ទី២០បានអនុញ្ញាតឲ្យកីឡាករ Nketiah វ័យ២១ឆ្នាំ ដណ្តើមយកបាល់បាន និងស៊ុតបាល់ចូលក្នុងសំណាញ់ទីយ៉ាងល្អ ហើយអ្នកចាំទីរូបនេះ បានធ្វើឲ្យមានកំហុសម្តងទៀត នៅជិតបញ្ចប់ការប្រកួត ខណៈដែល Willock បានស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី១របស់គេក្នុងក្របខ័ណ្ឌ Premier League។

ការរងបរាជ័យនៅលើទឹកដីក្រុម Manchester City និង Brighton & Hove Albion បានធ្វើឲ្យក្រុម Arsenal ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១១ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះលើទឹកដីក្រុម Southampton បានធ្វើឲ្យពួកគេឡើងឈរលេខ៩ ដោយមាន៤៣ពិន្ទុ ពីការប្រកួត៣១លើក ពោលគឺដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន១១ពិន្ទុ៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia