ក្រុមអ្នកគាំទ្រជាច្រើនរបស់ក្លិប Liverpool បានព្រងើយកន្តើយទៅនឹងគោលការណ៍ណែនាំស្តីពីការរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ដើម្បីប្រមូលផ្តុំនៅខាងក្រៅកីឡដ្ឋាន Anfield និងអបអរការឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី១របស់ក្រុមខ្លួន ក្នុងរយៈពេល៣០ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។
Liverpool បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League នៅពេលដែលក្រុមឈរលេខ២ Manchester City បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Chelsea។
អ្នកគាំទ្ររាប់ពាន់នាក់របស់ក្រុម Liverpool បានទុកការព្រួយបារម្ភជុំវិញការឆ្លងរបស់វីរុសកូរ៉ូណាមួយឡែក ព្រងើយកន្តើយទៅនឹងសេចក្តីណែនាំរបស់លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool ខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Anfield ដើម្បីចាប់ផ្តើមការអបអរការឈ្នះពាន។
ជាមួយនឹងការដុតភ្លើងពណ៌ក្រហម បាញ់កាំជ្រួច ក្រវីទង់ជាតិ ឱបគ្នា និងផឹកស្រាតាមដងផ្លូវ អ្នកគាំទ្ររបស់ Liverpool បានបង្ហាញពីការអបអរយ៉ាងខ្លាំង សម្រាប់ការឈ្នះពានជាលើកដំបូងរបស់ក្លិបខ្លួន គិតចាប់តាំងពីឆ្នាំ១៩៩០។
ជាមួយគ្នានេះ លោក Klopp បានបញ្ជាក់ថា ការឈ្នះពានលីកជាលើកដំបូងរបស់ក្លិបគឺសម្រាប់អ្នកគាំទ្រទាំងអស់គ្នា។ លោក Klopp បានឲ្យដឹងថា៖ «នេះគឺជាពេលវេលាដ៏រំភើប។ ខ្ញុំពិតជារីករាយណាស់។ នៅរាត្រីនេះ ពាននេះគឺសម្រាប់អ្នកទាំងអស់គ្នា»៕
អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia