(លីវើភូល)៖ ក្រុមអ្នកគាំទ្រនៃក្លិបបាល់ទាត់ Liverpool រាប់ម៉ឺននាក់បានចេញមកធ្វើការអបអរសាទរនៅមុខកីឡដ្ឋាន Anfield របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រោយរង់ចាំអស់រយៈពេល ៣ទស្សវត្សរ៍ មកនេះ (៣០ឆ្នាំ) ពីការឈ្នះពាន Premier League រដូវកាលនេះ។

តាមរយៈព័ត៌មានពី Dailymail ក៏បានចេញផ្សាយផងដែរថា មិនត្រឹមតែមុខកីឡដ្ឋាន Anfield ប៉ុណ្ណោះទេដែលមានអ្នក គាំទ្រ សូម្បីតែនៅមុខកីឡដ្ឋាន Stamford Bridge ជាទីដែល Chelsea ប្រកួតទល់នឹង Manchester City ក៏មានរាប់ម៉ឹននាក់ដែរ បើទោះបីជាការប្រកួតមិនត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនាផ្ទាល់ក៏ដោយ។

ផ្សែងខ្មួលខ្មាញ់ដែលកើតចេញពីការដុតកាំជ្រួច អមទៅដោយសំឡេងស្រែក ច្រៀង រាំយ៉ាងសប្បាយរីករាយ ផុតអស់ក្តីទុក្ខពីជំងឺ Covid-19 គ្រាដែលប្រទេសនៅអឺរ៉ុបមួយនេះ ក៏ពុំទាន់ដកបម្រាមជួបជុំ និងគម្លាតសង្គមនៅឡើយ។

នេះជាធំទី២ ក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកដែលជាជនជាតិអាល្លឺម៉ង់ Jurgen Klopp ក្រោយចំណាយពេលកាន់តំណែងនេះចាប់តាំងពីឆ្នាំ២០១៥ មក បន្ទាប់ពីឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League កាលពីរដូវកាលមុនផងដែរ។ ក្នុងចំណោម ៣១ប្រកួតក្នុងលីគ Liverpool ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ ក្រៅពីស្មើ ២ដង និងឈ្នះ ២៨ដង រកបាន ៨៦ពិន្ទុឈរនៅកំពូលតារាង Premier League ដាច់ក្រុមលេខ២ Manchester City ដែលមានតែ ៦៣ពិន្ទុប៉ុណ្ណោះ គ្រាដែលនៅសល់ ៧ប្រកួតមុនបិទរដូវកាលដូចគ្នា៕