(តូរីន)៖ កីឡាករពាក់លេខ៧ Cristiano Ronaldo រកបានគ្រាប់បាល់ទី២៣ ក្នុងរដូវកាលនេះ ខណៈដែលក្រុមសេះបង្កង់ Juventus បាននាំមុខ ៧ពិន្ទុនៅលើកំពូលតារាង Serie A ជាមួយនឹងជ័យជម្នះ ៤-០ លើក្រុមភ្ញៀវ Lecce ដែលនៅសល់សមាជិក១០នាក់។

តាមរយ:ព័ត៌មានពី BBC បានឲ្យដឹងថា កីឡាករខ្សែការពារ Fabio Lucioni ត្រូវបានបណ្តេញចេញពីទីលាន ក្រោយបង្កកំហុសនៅតង់ទី១ មុនពេល Paulo Dybala រកបានគ្រាប់បែកពងមាន់ បន្ទាប់ពីសម្រាក១៥នាទីនោះ។

តែយ៉ាងណា Ronaldo ដែលមានវ័យ៣៥ឆ្នាំរកបានគ្រាប់ទី២ ដោយបាល់ពិន័យ១១ម៉ែត្រ មុនពេលកីឡាករបម្រុង Gonzalo Higuain រកបានគ្រាប់ទី៣ និងខ្សែការពារ Matthijs de Ligt រកបានគ្រាប់ទី៤ ចុងក្រោយគេ។

Ronaldo ដែលបានស៊ុតបាល់ប៉េណាល់ទីផងដែរក្នុងជ័យជម្នះ ២-០ នៅផ្ទះក្រុម Bologna កាលពីថ្ងៃច័ន្ទនោះ រកគ្រាប់បាល់បាន ២៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៤ ប្រកួតនៅរដូវកាលនេះក្នុងយុទ្ធនាការ Serie A រដូវកាលឆ្នាំ២០១៩-២០២០នេះ។

ជ័យជម្នះនេះមានន័យថា ក្រុមការពារតំណែងជើងឯក Juventus ពង្រីកគុណសម្បត្តិរបស់ពួកគេលើគូប្រជែង Lazio ដែលមានការប្រកួតនៅក្នុងដៃថ្ងៃនេះ ហើយអាចកាត់បន្ថយមកនៅត្រឹម៤ពិន្ទុវិញ ប្រសិនបើពួកគេយកឈ្នះក្រុមភ្ញៀប Fiorentina នៅរាត្រីថ្ងៃសៅរ៍នេះ៕