លោក Pep Guardiola ជឿជាក់ថា ក្រុម Manchester City កាន់តែមានភាពងាយស្រួលក្នុងការផ្តោតទៅលើការប្រជែងដណ្តើមពាន FA Cup នៅរដូវកាលនេះ ខណៈដែលក្រុមម្ចាស់ការពារជើងឯកមួយនេះ បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះ ២-០ លើទឹកដីក្រុម Newcastle កាលពីថ្ងៃអាទិត្យ។

ក្រុម Man City នឹងត្រូវប៉ះជាមួយនឹងក្រុម Arsenal នៅកីឡដ្ឋាន Wembley ក្នុងវគ្គ៤ក្រុមចុងក្រោយ នៅខែក្រោយ បន្ទាប់ពីក្រុមកាំភ្លើងធំ បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតដើម្បីផ្តួលក្រុម Sheffield United ក្នុងលទ្ធផល ២-១។

ស្របពេលជាមួយគ្នានេះ ក្រុម Chelsea បានកត់ត្រាជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Leicester City តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Ross Barkley ដើម្បីឈានទៅជួបក្រុម Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គ្រាប់បាល់ប៉េណាល់ទីរបស់ Kevin De Bruyne និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Raheem Sterling បានជួយឲ្យក្រុម Man City ទទួលបានជ័យជម្នះនៅកីឡដ្ឋាន Tyneside ក្រោយពីការរងបរាជ័យ ២-១ លើទឹកដីក្រុម Chelsea កាលពីពាក់កណ្តាលសប្តាហ៍មុន បានផ្តល់ពាន Premier League ទៅឲ្យក្រុម Liverpool។

លោក Guardiola បានទទួលស្គាល់ថា៖ «ក្នុងក្របខ័ណ្ឌ Premier League យើងជួបការលំបាក ក្នុងការផ្តោតអារម្មណ៍។ នៅពេលនេះ ក្នុងពាន FA Cup និង Champions League វាមានលក្ខខណៈផ្សេងគ្នា»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia