លោក Frank Lampard បានបញ្ជាក់ថា ការរងបរាជ័យដ៏ខកចិត្តរបស់ក្រុម Chelsea ក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃពុធ គឺជាសញ្ញាដែលបង្ហាញថា នៅមានការងារជាច្រើនដែលលោកនៅតែត្រូវធ្វើ ដើម្បីធ្វើឲ្យក្រុមតោខៀវមួយនេះ ខ្លាំងមួយកម្រិតទៀត។

Chelsea ហាក់ស្ថិតលើផ្លូវនៃការដណ្តើមបានចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League ទៅហើយ នៅពេលដែលការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែបម្រើ Willian បានជួយឲ្យពួកគេនាំមុខនៅតង់ទី១ នាកីឡដ្ឋាន London។

ប៉ុន្តែ ក្រុម West Ham បានវាយបកតាមស្មើវិញ ហើយកីឡាករ Michail Antonio បានជួយឲ្យក្រុម West Ham មានគ្រាប់បាល់នាំមុខនៅដើមតង់ទី២ នៅមុនពេល Willian តាមរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុម Chelsea តាមរយៈការស៊ុតបាល់ពិន័យ Free-kick។

ក្រុមរបស់លោក Lampard ហាក់ដូចជាដណ្តើមបាន៣ពិន្ទុទៅហើយ នៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ បែរជាភ្លាត់ស្នៀតដោយសារតែការវាយសម្រុករហ័សទៅវិញ នៅពេលដែល Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះសម្រាប់ក្រុម West Ham ដើម្បីរក្សាឱកាសនៃការគេចផុតពីតំបន់កាត់ចោល។

លោក Lampard បានឲ្យដឹងថា៖ «ខ្ញុំនឹងមិននិយាយថា វាជារឿងរ៉ាវនៃរដូវកាលរបស់យើងឡើយ ពីព្រោះវាជារដូវកាលដ៏ល្អមួយ ប៉ុន្តែ មានហេតុការណ៍បែបនេះកើតឡើងជាច្រើន»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia