ក្រុមខេត្តកែប ពិតជាអាចរកឃើញជ័យជម្នះ ទៅតាមអ្វីដែលខ្លួនបានរំពឹងទុក សម្រាប់ការជួបក្រុមខេត្តកំពង់ឆ្នាំង ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ (ថ្នាក់ខេត្ត) ឆ្នាំ២០២០ កាលពីថ្ងៃពុធ ប៉ុន្តែក្រុមខេត្តកំពង់ស្ពឺ បានជួបការខកចិត្ត ក្រោមស្នាដៃក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ នៅលើទឹកដីខ្លួនឯង។
សម្រាប់ការប្រកួត នៅកីឡដ្ឋានខេត្តកែប កាលពីម្សិលមិញនោះ លោក ស សុរ៉ា គ្រូបង្វឹកក្រុមខេត្តកែប ពិតជាដឹកនាំក្រុមបានល្អ ដើម្បីយកឈ្នះលើក្រុមខេត្តកំពង់ឆ្នាំង ទៅតាមអ្វីដែលលោកបានសង្ឃឹមទុក មុនការប្រកួត ប៉ុន្តែការឈ្នះមិនដាច់ត្រឹម ៤-៣ វានៅតែធ្វើឲ្យ ខេត្តកែប មានភាពមិនទាន់ច្បាស់ សម្រាប់ការធ្វើដំណើរទៅជួបក្រុមខេត្តកំពង់ឆ្នាំង វិញ សម្រាប់ការប្រកួតជើងទី២ កាត់សេចក្តី។
ក្រុមខេត្តកែប ធ្វើបានល្អ នៅក្នុងតង់ទី១ ដោយរកបានរហូតដល់៣គ្រាប់ ដើម្បីនាំមុខ ខេត្តកំពង់ឆ្នាំង ៣-១ តែឈានចូលតង់ទី២ ក្រុមកំពង់ឆ្នាំង បានវាយបកវិញយ៉ាងខ្លាំង និងរកបាន២គ្រាប់ ប៉ុន្តែពួកគេនៅតែគេចមិនផុតពីការចាញ់ ៤-៣ ខណៈខេត្តកែប រកបាន១គ្រាប់បន្ថែមដែរនោះ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួត៩០នាទីពេញ ក្រុមខេត្តកំពង់ឆ្នាំង បង្កើនឱកាសស៊ុតបានច្រើនជាងក្រុមខេត្តកែប គឺពួកគេស៊ុតបានរហូតដល់២៤ដង តែខុសគោលដៅ១៧ និងត្រូវគោលដៅបាន៧ ហើយសម្រេចបាន៣គ្រាប់ ចំណែកខេត្តកែប ស៊ុតបានត្រឹម១៧ដង ខុសគោលដៅ៨ ត្រូវគោលដៅ៩ និងសម្រេចបាន៤គ្រប់ ហើយស្ថិតិនេះ វាជាក្តីបារម្ភមួយផងដែរ ចំពោះក្រុមខេត្តកែប សម្រាប់ការប្រកួតជើងទី២។
ចំណែកក្រុមខេត្តកំពង់ស្ពឺ ប្រហែលជាលំបាក ក្នុងការវាយបកតាមក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ វិញហើយ ព្រោះការចាញ់ ២-០ សម្រាប់ការប្រកួតលើទឹកដីខ្លួនឯង កាលពីម្សិលមិញនេះ ខេត្តកំពង់ស្ពឺ បានបង្កើតឱកាសមិនដល់ពាក់កណ្តាលក្រុមខេត្តត្បូងឃ្មុំផង បើទោះបីជា ការប្រកួតលើកនេះ កីឡាករបានមកជុំជើងគ្នា ដើម្បីជួយក្រុមក៏ដោយ។
គ្រាប់បាល់ជ័យជម្នះទាំង២គ្រាប់ របស់ក្រុមខេត្តត្បូងឃ្មុំ បានកើតឡើង នៅក្នុងតង់ទី១ទាំងអស់ ហើយការប្រកួតនេះ ពួកគេបានបង្កើតឱកាសស៊ុតបាន១៣ដង ខុសគោលដៅ៨ ត្រូវគោលដៅ៥ និងសម្រេចបាន២គ្រាប់។ ផ្ទុយពីនេះ ក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ បង្កើតឱកាសស៊ុតបានត្រឹម៦ដង ខុសគោលដៅដល់ទៅ៥ដង និងត្រូវគោលបានតែ១ដងគត់។
តាមរយៈលទ្ធផលនេះ ខេត្តកំពង់ស្ពឺ អាចមានការពិបាកខ្លាំង ចំពោះការរកគ្រាប់បាល់តាមខេត្តត្បូងឃ្មុំ សម្រាប់ការប្រកួតនៅជើងទី២ ព្រោះលោក ម៉ម កុសល អ្នកចាត់ការក្រុមខេត្តកំពង់ស្ពឺ បានបង្ហើបថា ការប្រកួតក្រៅទឹកដី គឺក្រុមរបស់លោក តែងតែពិបាកក្នុងការប្រមូលកីឡាករទៅលេង ដោយសារកីឡាករមួយចំនួន ជាប់ធ្វើការងារនៅក្រៅខេត្ត និងអ្នកខ្លះជាប់រៀនសូត្រ នៅភ្នំពេញ៕