ថ្នាក់ដឹកនាំរបស់ក្រុមបាល់ទាត់ Tiffy Army FC បាននាំកីឡាករ និងគ្រូបង្វឹករបស់ខ្លួនទៅសូត្រមន្តប្រោះព្រំ និងសមាធិ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ដើម្បីទទួលបាននូវពុទ្ធឱវាទរបស់ព្រះពុទ្ធ យកមកពង្រឹងផ្លូវចិត្ត និងការតាំងអារម្មណ៍ សម្រាប់ត្រៀមការដាក់ឲ្យប្រកួតឡើងវិញនៃលីកកំពូលកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

លោក តែម ម៉ឺន អនុប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់ថា៖ «កីឡាករ គ្រូបង្វឹក និងថ្នាក់ដឹករបស់យើង ទើបទទួលបានការប្រោះព្រំពីសម្តេច ព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ដើម្បីឲ្យកីឡាករយើងមានភាពនឹងនរនៅក្នុងចិត្ត ព្រមទាំងមានការតាំងចិត្ត និងតាំងអារម្មណ៍»។
លោកបានបន្ថែមថា៖ «យើងចង់ឲ្យពួកគាត់ គោរពនូវពុទ្ធឱវាទ ប្រកបទៅដោយវិន័យ និងក្រមសីលធម៌ ជាពិសេសមានភាពស្រឡះនៅក្នុងចិត្ត និងមានភាពអត់ធន់ ទៅនឹងការហ្វឹកហាត់ ក៏ដូចជាការប្រកួតលីកកំពូលកម្ពុជា ដែលនឹងចាប់ផ្តើមឡើងវិញ នៅចុងសប្តាហ៍នេះ»។
គួរបញ្ជាក់ថា លោក តែម ម៉ឺន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតរបស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ព្រមទាំងដៃគូសហការមួយចំនួនទៀត បាននាំកីឡាករ និងគ្រូបង្វឹក ឲ្យចូលរួមនៅក្នុងពិធីសូត្រមន្តប្រោះព្រំ និងសមាធិ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត កាលពីថ្ងៃសៅរ៍ ហើយនៅក្នុងពិធីនោះ ព្រះសង្ឃចំនួន៩អង្គ បានសូត្រព្រះបរិត្តប្រោះព្រំ ផ្តល់ឱវាទ និងឲ្យអ្នកចូលរួមទាំងអស់ តាំងសមាធិ ដើម្បីពង្រឹងផ្លូវចិត្តឲ្យបានល្អ។

ដោយឡែកសម្រាប់ការដាក់ឲ្យមានការប្រកួតលីកកំពូលកម្ពុជា ឡើងវិញ នៅចុងសប្តាហ៍នេះ ក្រុម Tiffy Army FC ត្រូវប្រឈមជាមួយក្រុមណាហ្គាវើល នៅថ្ងៃអាទិត្យ ដែលត្រូវបានគិតថា នឹងក្លាយជាការប្រកួតដ៏តានតឹង ព្រោះនៅមុនការប្រកួតលីកកំពូលកម្ពុជា ត្រូវបានផ្អាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នោះ គឺក្រុម Tiffy Army បានធ្លាក់មកឈរនៅលេខរៀងទី៧ ដោយឈ្នះ២ ស្មើ២ និងចាញ់១ប្រកួត ចំណែកក្រុមណាហ្គាវើល ដែលទើបប្រកួតបាន៤លើក គឺបានឈ្នះ២ និងស្មើ២ ឈរនៅលេខរៀងទី៦ ជាបណ្តោះអាសន្ន៕
