ខ្សែ​ប្រយុទ្ធ​ជួរមុខ​របស់​ក្រុមភ្នំពេញ​ក្រោន មាន​ការ​ជឿជាក់ថា ក្រុម​របស់ខ្លួន ​នឹងនៅ​តែ​អាច​ស្វែង​រក​ការ​ឈ្នះ ដើម្បី​បន្ត​ឈរ​នៅលើកំពូល​តារាង បើ​ទោះបីជា ពួក​គេ ត្រូវ​​ប្រឈមជាមួយ​ក្រុមខ្លាំង វិសាខា សម្រាប់​ការ​បើក​ឲ្យ​ដំណើការ​វិញ នៃការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ នៅ​ចុង​សប្តាហ៍នេះ​ក៏ដោយ។

តាម​រយៈការ​ប្រកួត​៥​លើក នៅ​មុន​ពេល​អ្វីៗ​ត្រូវបាន​ផ្អាក ដោយសារ​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​នោះ ក្រុម​ភ្នំពេញ​ក្រោន ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឈ្នះ​៤ និងស្មើ​១ ដើម្បី​ឈរ​នៅ​លើកំពូល​តារាង ជា​បណ្តោះ​អាសន្ន ដោយ​មាន​១៣​ពិន្ទុ ប៉ុន្តែ​ទីតាំង​របស់​ភ្នំពេញ​ក្រោន អាច​នឹង​រហូត បើ​សិនជាពួកគេ មិនអាច​យក​ឈ្នះលើ​ក្រុម​វិសាខា ដែលកំពុង​ឈរ​ នៅ​លេខ​រៀងទី​៣ បាន​ទេ​នោះ។

ការ​វាយ​តម្លៃ​បែបនេះ ក៏​ព្រោះតែ​​ក្រុមម្ចាស់​ជើង​ឯកព្រះខ័នរាជស្វាយរៀង ដែល​កំពុង​ឈរ​នៅ​លេខ​២ ដោយមាន​១៣​ពិន្ទុ ជាមួយ​ការ​ឈ្នះ​៤ និងស្មើ​១​លើក​ដែរ​នោះ ត្រូវបាន​គេ​មើល​ឃើញ​ថា នឹង​ឈ្នះ​បាន​៣ពិន្ទុ​បមន្ថែម ដោយគ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ឡើយ ព្រោះការ​វិល​មក​កាន់វាលស្មៅ ជាថ្មី​នេះ ក្រុមស្វាយរៀង ត្រូវ​លេង​ជាមួយ​​ក្រុម​​មាន​បទពិសោធក្មេងខ្ចី យុវជន​បាទីអាយុ​ក្រោម​១៨​ឆ្នាំ​ ដែលមិនទាន់មានលទ្ធភាព ក្នុង​ការបង្អាក់​ដំណើរ ការ​រក​គ្រាប់បាល់​របស់​ស្វាយរៀង បាន​នោះទេ។

យ៉ាង​ណាក៏ដោយ ​ខ្សែ​ប្រយុទ្ធរបស់ភ្នំពេញ​ក្រោន​ Paul Omogba បាន​និយាយ​ថា៖​ «យើង​បាន​រង់​ចាំ​ការ​ប្រកួត​ធំ​មួយ​នេះ អស់រយៈ​ពេល​២ ទៅ​៣​ខែ​ហើយ ក្រុម​របស់​យើង​ពិត​ជា​រំភើប​ណាស់​ សម្រាប់​ការ​ត្រឡប់​មក​វិញ ​នៃ​ការ​ប្រកួត​បាល់​ទាត់។ ចំពោះ​ការ​ប្រកួត​ដ៏​ធំ​ខាង​មុខ​នេះ ​យើង​ដឹង​ហើយ​ថា ក្រុម​ទាំង​២​ សុទ្ធ​តែមាន​ការ​រៀបចំ​យ៉ាង​ល្អ​រៀងៗ​ខ្លួន ព្រោះ​កីឡាករ​សុទ្ធ​តែ​ល្អៗ​ តែ​ដោយសារ​នេះជា​ការ​ប្រកួត​​ក្នុង​ដី​របស់​យើង អ៊ីចឹង​យើង​​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ​តាម​តែ​យើង​អាច​ធ្វើ​បាន»។

អតីត​ខ្សែ​ប្រយុទ្ធ​ធ្លាប់លេង​នៅក្លិប​បឹងកេត និងណាហ្គាវើល រូបនេះ បាន​បន្ថែម​ថា៖​«អ្វី​ដែល​យើង​រៀបចំ​នៅ​ពេល​នេះ គឺ​ដើម្បី​ឈ្នះ​​ការ​ប្រកួត និង​ធ្វើ​ឲ្យ​បាន​ល្អ ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ពួកយើង។ ពួក​យើង​ធ្វើការ​ខ្លាំង​ណាស់ ​សម្រាប់​ការ​ត្រឡប់​មក​វិញ​នេះ គឺ​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ទាំង​កម្លាំង និង​ស្មារតី ​ចាប់​តាំង​ពី​យើង​បាន​ឈរ​នៅ​កំពូល​តារាង​​មក​ម៉្លេះ អ៊ីចឹង​យើង​ត្រូវ​តែ​រក្សា​តំណែង​របស់​យើង និង​​បន្ត​វា​រហូត​ដល់​អ្វីៗ​បាន​បញ្ចប់»។

យ៉ាង​ណាក៏ដោយ​ លទ្ធផល​ទៅជា​យ៉ាងណា​នោះ នៅមិនទាន់​ដឹង​ច្បាស់នៅ​ឡើយ​ទេ ព្រោះ​ក្រុម​វិសាខា ក៏​ត្រូវការ​ឈ្នះ​ខ្លាំង​បំផុតដូច​គ្នា ដើម្បី​រក្សា​ទីតាំង​លេខ​៣​​របស់​ពួកគេ ព្រោះបើ​ចាញ់​ ភ្នំពេញ​​ក្រោន លើក​នេះ វិសាខា អាច​នឹង​ធ្លាក់ចេញ​ពី​តំបន់ Top6 បាន ​ដ្បិតអី​អង្គរថាយហ្គឺរ បឹងកេត ណាហ្គាវើល និង​ក្រុមទ័ព សុទ្ធតែ​មាន៨ពិន្ទុ​ស្មើ​​វិសាខា ខណៈ​ការ​ប្រកួត​ប្រចាំសប្តាហ៍ទី​៦​នេះ បឹងកេត និង​អង្គរថាយហ្គឺរ សុទ្ធតែ​មាន​លទ្ធភាព​ខ្ពស់ ក្នុងការ​ឈ្នះ​៣ពិន្ទុ ប៉ុន្តែ​ណាហ្គាវើល និងទ័ព អាច​នឹងលំបាក ក្នុងការ​ប្រជែង​យក​៣ពិន្ទុ​ដូច​គ្នា៕