ក្រុម​ខេត្តកណ្តាល និង​ខេត្ត​កោះ​កុង នឹង​ប្រឹង​ទឹក​ដី​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រៃ​វែង វិញ ក្នុងការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ នៅ​រសៀល​ម៉ោង​៣ ​ថ្ងៃអង្គារ​នេះ។

នៅ​ក្នុងការ​ប្រកួតកាត់សេចក្តី​នេះ ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកណ្តាល អាចនឹងប្រើ​កីឡដ្ឋាន​ខេត្តកណ្តាល​របស់​ខ្លួន ដើម្បី​វាយ​បក​ទៅ​លើ​ក្រុម​ខេត្ត​សៀម​រាប​វិញ។ បើ​ទោះ​បីជា ខេត្ត​កណ្តាល បាន​ចាញ់​ក្រុម​ខេត្ត​សៀម​រាប នៅ​ក្នុងការ​ប្រកួតជើង​ទី​១ ប៉ុន្តែ​ការ​ចាញ់​ត្រឹម ៣-១ វា​នៅមិនទាន់​បិទផ្លូវ​ក្រុមខេត្តកណ្តាល នៅ​ឡើយ​ទេ។

សម្រាប់​ការ​ប្រកួត​ជើង​ទី​១ កន្លង​មក ក្រុម​ម្ចាស់ផ្ទះ ខេត្ត​សៀម​រាប និង​ខេត្តកណ្តាល បាន​ធ្វើ​ការ​វាយបក​គ្នាទៅ​វិញ​ទៅមក ដោយក្នុងនោះ ខេត្ត​សៀម​រាប បាន​បង្កើត​ឱកាស​ស៊ុត​ចំនួន​១២ដង ខុស​គោលដៅ​៩ និងចំ​គោលដៅ​បាន​៣​ ខណៈ​ខេត្តកណ្តាល បង្កើតឱកាស​ស៊ុតបាន៩ ខុស​គោលដៅ​៦ និងស៊ុតត្រូវគោល​ដៅ​៣ ហើយតាម​ស្ថិតិ​នេះ ខេត្តកណ្តាល អាច​នឹង​មាន​ប្រៀប​លើ ខេត្តសៀម​រាប​ វិញ សម្រាប់​ការ​ប្រកួតនៅ​លើ​ទឹក​ដី​របស់ពួក​គេ លើក​នេះ។

ចំណែក​ក្រុម​ខេត្ត​កោះ​កុង នឹង​បើកកីឡដ្ឋានវិទ្យាល័យ​កោះកុង ដើម្បីស្វាគមន៍​ក្រុម​ខេត្ត​ព្រៃវែង នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​អង្គារ​នេះ​ដូច​គ្នា ប៉ុន្តែ ខេត្ត​កោះកុង ហាក់​មិន​រំពឹង អាច​វាយ​បក​ទៅ​លើ​ក្រុម​ខេត្ត​ព្រៃ​វែង នោះ​ទេ ព្រោះ​ការ​ប្រកួត​ជើង​ទី​១ កន្លង​មក​នេះ ខេត្ត​ព្រៃ​វែង បាន​ឈ្នះ​រហូត​ដល់ ៥-១ ឯណោះ។

បន្ថែម​លើការ​មាន​គ្រាប់បាល់​នាំ​មុខចំនួន​៤នេះ ខេត្ត​ព្រៃវែង ដែលកីឡាករ​ស្ទើរតែ​ទាំង​អស់ ជា​ក្រុម​យុវជន​របស់​ក្លិបវិសាខា នោះ គឺ​មាន​ទម្រង់​លេង​ល្អ ជាង​ក្រុមខេត្ត​កោះកុង ដាច់​តែ​ម្តង ខណៈការ​ប្រកួត​ជើង​ទី​១ ក្នុងទឹក​ដី​ កន្លង​មក​នេះ ពួក​គេ បង្កើតឱកាស​ស៊ុត​បាន​២១​គ្រាប់ ខុសគោលដៅ​១១​គ្រាប់ និងចំគោល​ដៅ​១០​គ្រាប់ ផ្ទុយពី​នេះ ខេត្ត​កោះកុង បង្កើត​ឱកាស​ស៊ុតបានត្រឹម​២​ដង ខុស​គោលដៅ​១ និងត្រូវគោលដៅ​១​ដងគត់ ហើយ​តាមស្ថិតិនេះ អាច​បង្ហាញ​បានថា ខេត្តកោះកុង គេច​មិនផុតពីការ​ធ្លាក់​ក្រោមស្នាដៃ ​ក្រុមខេត្ត​ព្រៃ​វែង នោះ​ទេ៕