ក្រុមតោ​ខៀវ Chelsea បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​​តារាងនៃក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​បាន​រក្សា​ការ​នាំមុខ​របស់​ខ្លួន ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ដ៏រំភើប​ក្នុងលទ្ធ​ផល ៣-២ នៅ​លើ​ទឹកដីក្រុម Crystal Palace ស្រប​ពេលដែលក្រុម Leicester បាន​ទទួល​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម Arsenal ដែល​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់ កាលពីថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Frank Lampard ស្ថិត​​កាន់​តែ​កៀកក្នុង​ការ​ឈ្នះ​កៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​៧​ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក ធ្វើ​ឲ្យ​ពួក​គេ​នាំមុខ​១ពិន្ទុ​លើក្រុម Leicester និង​នាំមុខ​៥ពិន្ទុ​លើក្រុម​ឈរលេខ​៥ Manchester United​។

ក្រុម​តោ​ខៀវ បាន​ជួប​សំណាង​ភ្លាម​ៗ តាម​រយៈ​ការ​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​កីឡដ្ឋាន Selhurst Park ខណៈ​ដែល​ Gary Cahill អតីត​ខ្សែ​ការ​ពាររបស់​ក្លិប Chelsea បាន​ដួល​នៅ​លើ​ទីលាន​ប្រកួត ដោយ​សារ​តែ​បញ្ហា​សរសៃពួ​គន្លាក់​ជើង ដែលអនុ​ញ្ញាត​ឲ្យ Willian បញ្ជូន​បាល់​យ៉ាងល្អ​ទៅ​ឲ្យ Olivier Giroud ដើម្បី​រក​គ្រាប់​បាល់​ទី​៤​របស់គេ ក្នុង​ចំណោម​ការ​ប្រកួត​៦លើក​។

ទម្រង់​លេង​ដ៏ល្អ​របស់​ខ្សែ​បម្រើ Christian Pulisic បើ​គិត​ចាប់​តាំងពី​​ចាប់​ផ្តើម​ប្រកួត​ឡើង​វិញ​​របស់​ក្រប​ខ័ណ្ឌ Premier League បាន​​នាំ​ឲ្យ​មានការ​ប្រៀប​ធៀប​ទៅនឹង​តារាឆ្នើម Eden Hazard ដែល​ជា​កីឡាករ​រូប​គេ​បាន​ជំនួស​កន្លែង​នៅ​កីឡដ្ឋាន Stamford Bridge ហើយ​តារាឆ្នើម​អន្តរ​ជាតិ​អាមេរិក​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ដើម្បី​បន្ថែម​ការ​នាំមុខ​របស់​ក្រុម​ខ្លួន​។

បើ​ទោះ​បី​ក្រុម Crystal Palace បាន​វាយ​បក​១​គ្រាប់​វិញ​ក៏ដោយ ប៉ុន្តែ Chelsea បាន​​រក​គ្រាប់​បាល់​ទី​៣​របស់​ខ្លួន​នៅ​រយៈពេល​១៩នាទី​ចុងក្រោយ នៅមុន​ពេលក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​បក​១​គ្រាប់បាល់​វិញ​ភ្លាម​ៗ​ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​១​នាទី​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia