ក្រុម​ខេត្ត​ព្រៃវែង នៅតែ​រក្សា​បាន​ភាព​ខ្លាំង ក្នុងការ​បន្តយក​ឈ្នះ​លើ​ក្រុមខេត្ត​កោះកុង ដើម្បី​ឡើងទៅ​កាន់វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ ចំណែក​អ្នក​ចាំ​ទី ភេម សាវុត បាន​ក្លាយ​ជាវីរបុរស ក្នុងការ​សង្រ្គោះ​ក្រុមខេត្តសៀម​រាប ឲ្យគេច​ផុត​ពី​ភាព​ហ្មងសៅ ខណៈ​ពួកគេ គ្មានលទ្ធភាព​អាច​រក្សា​ការមាន​ប្រៀប​លើ​ក្រុម​ខេត្តកណ្តាល​នោះ។

សម្រាប់ការ​ប្រកួត នៅ​លើ​ទឹកដី​ខ្លួន​ឯង កាល​ពី​ថ្ងៃអង្គារ ម្សិល​មិញ​នេះ ​ក្រុមម្ចាស់ផ្ទះ កណ្តាល បាន​បង្ហាញ​លេង​យ៉ាង​ល្អ។ ថ្វី​បើ​​ខ្សែ​បម្រើ គង់ ស្រស់ បាន​ស៊ុត​បាល់ពិន័យ​១១ម៉ែត្រ បាន​សម្រេច​ឲ្យ​ក្រុម​​​ខេត្ត​សៀម​រាប នៅនាទីទី​២៦ ដើម្បី​បន្ថែម​ទៅ​លើ​ការ​យក​ឈ្នះ ៣-១  សម្រាប់ការ​ប្រកួត​ជើងទី​១​ ប៉ុន្តែ​ខេត្តកណ្តាល បានវាយ​បករក​បាន​៣​គ្រាប់​ដ៏គួរ​ឲ្យភ្ញាក់​ផ្អើល។

​ខ្សែ​បម្រើ សាក់ សំណាង ជាអ្នក​រក​បាន​គ្រប់បាល់​តាមស្មើ​ឲ្យក្រុមខេត្តកណ្តាល នៅនាទីទី​៣៥ ហើយ​ខ្សែ​បម្រើ ណាត សង្ហា និង ប៊ិច សុធារ៉ា ជាអ្នក​រក​បាន​គ្រាប់បាល់​ជ័យជម្នះ តាម​រយៈការ​រក​បានគ្រាប់បាល់របស់ពួកគេ​ម្នាក់​១​គ្រាប់ នៅនាទីទី​៥៦ និងទី​៦៦ ហើយការ​មាន​គ្រាប់បាល់​ស្មើ​គ្នា ៤-៤ សម្រាប់ការ​ប្រកួត​ទាំង​២ជើងនេះ បានធ្វើ​ឲ្យក្រុមទាំង​២ ឈាន​ដល់ការទាត់បាល់​ប៉េណាល់ទី​កាត់សេចក្តី ដើម្បី​រក​ក្រុមឈ្នះ ឡើងទៅ​វគ្គ​បន្ត។

នៅ​ក្នុងដំណាក់កាល​ដ៏​គួរ​ឲ្យរន្ធត់នេះ អ្នក​ចាំទី​ពាក់លេខ​២២ ភេម សាវុត បាន​ក្លាយ​ជា​វីរបុរស ក្នុងការជួយ​សង្រ្គោះ​ក្រុមខេត្ត​សៀម​រាប ដោយ​ក្នុង​នោះ​រូបគេ​បាន​លោត​ទះ​បាល់​ពីការ​ស៊ុត​របស់កីឡាករ គង់ និមល និង ហេង បូរ៉ា បាន​យក​ជោគ​ជ័យ ខណៈ ចាន់ បូរម៉ី បាន​ស៊ុត​បាល់​បាញ់ចាប ឡើងទៅ​លើ គឺ​មានតែ ម៉ែន សបញ្ញា ម្នាក់​គត់ ដែល​សុទ្ធបាន​សម្រេច​ឲ្យ​ខេត្តកណ្តាល។

ផ្ទុយពីនេះ​កីឡាករ គយ នរៈសក្តា, ហេង បូរ៉ា និង ស៊ុំ សាន់ របស់​ខេត្តសៀម​រាប សុទ្ធតែ​ធ្វើបានសម្រេច​ មុនពេល​ប្រធានក្រុម ម៉ម រ៉ាវុទ្ធី សុទ្ធបាល់​ខុសគោលដៅ ហើយការ​យក​ឈ្នះដោយបាល់ប៉េណាល់ទី ៣-១ បាន​ជួយ​ឲ្យក្រុមខេត្តសៀម​រាប ឡើង​ទៅ​កាន់វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រយ៉ាងរំភើបបំផុត។

ជាមួយការ​ជួយក្រុម​ខេត្តសៀម​រាប ឡើងទៅវគ្គ​បន្ត​នេះ អ្នក​ចាំទី​លេងសក់ ភេម សាវុត បាន​និយាយក្រោយការ​ប្រកួតថា៖​«ខ្ញុំសប្បាយចិត្ត និងអរខ្លាំងណាស់ ព្រោះ​ខ្ញុំ​ខំ​មក​ពី​សៀម​រាប់ ដើម្បីជ័យជម្នះ​មួយនេះ ហើយការប្រកួតក្រោយៗ​ ខ្ញុំ​នឹង​ធ្វើ​ឲ្យបាន​ល្អជាង​នេះទៀត»។

ចំណែក​ខ្សែ​បម្រើពាក់លេខ​២៨ គង់ និមល ដែលជា​អ្នក​ស៊ុតបាល់បើកឆាកមិនបាន​សម្រេច​ឲ្យក្រុមខេត្តកណ្តាលនោះ បានសម្តែងការ​ខក​ចិត្តខ្លាំង និងបាន​និយាយ​ថា៖​«ខ្ញុំ​ពិតជា​មាន​ការ​សោកស្តាយ ដែល​ធ្វើ​បាល់​១១ម៉ែត្រ មិន​បានសម្រេច ហើយខ្ញុំ​សូមទោសថ្នាក់ដឹកនាំ និងមិត្តរួមក្រុមទាំង​អស់ ដែលខ្ញុំបាន​បង្កើតកំហុស នៅ​ថ្ងៃ​នេះ»៕