ក្រុម​ខេត្ត​កំពង់ស្ពឺ គ្រោង​នឹង​លេងដោយ​មិនខ្លាច​ការ​ប៉ះទង្គិច ដើម្បី​វាយ​បក​ទៅ​លើ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ សម្រាប់​ការ​ប្រកួតកាត់​សេចក្តី​ជើងទី​២ ​នៃ​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​ពុធ​នេះ ចំណែក​ក្រុម​ខេត្តកំពង់ឆ្នាំង ក៏​នឹង​ប្រើ​ទឹកដី ដើម្បីវាយបក​ទៅ​លើ​ខេត្តកែប ផងដែរ ប៉ុន្តែក្រុម​​ខេត្ត​ព្រៃវែង និងខេត្ត​សៀម​រាប បាន​កក់កៅអី​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្ររួចហើយ។

សម្រាប់​ការ​ប្រកួតជើងទី​២ នៅ​ក្រៅ​ទឹក​ដីនេះ លោក ម៉ុល មរកត គ្រូ​បង្គោល​ក្រុម​ខេត្តកំពង់ស្ពឺ បាន​ទទួល​ស្គាល់ ការ​ចាញ់​ក្រុម​ខេត្តត្បូង​ឃ្មុំ ២-០ សម្រាប់ការ​ប្រកួតជើងទី​១​នៅ​ក្នុងទឹក​ដី​ខ្លួន​ឯង កន្លង​មក​នេះ វាធ្វើ​ឲ្យក្រុម​របស់លោក នៅ​សល់​ភាគ​រយ​មិនច្រើន​ទេ ក្នុងការ​វាយ​បក​ទៅ​លើ​ខេត្ត​ត្បូងឃ្មុំ​វិញ ប៉ុន្តែ​លោក​បាន​មើល​ឃើញ​ថា ការ​ចាញ់​កន្លង​មកនេះ ដោយសារកូន​ក្រុមលោក លេង​មិនយល់​ចិត្តគ្នា និង​មិនសូវ​ហ៊ាន​លេង ដោយការ​ប៉ះ​ទង្គិច។

លោក ម៉ុល មរកត បាន​ប្រាប់ថា៖​«កាល​ជើង​ទី​១ កីឡាករ​របស់​យើង លេង​អត់​យល់ចិត្ត​គ្នា​ទេ ប៉ុន្តែ​ជើង​​ទី​២​នេះ ខ្ញុំ​គិត​ថា ពួក​គាត់ នឹង​លេងស៊ីចង្វាក់​គ្នា អ៊ីចឹង​យើងនៅមានសង្ឃឹម​៥០​ភាគ​រយ ក្នុងការ​វាយ​បក គឺ​យើងនឹង​ព្យាយាម​ឲ្យអស់ពី​សមត្ថ​ភាព»។

គ្រូ​បង្វឹករូប​នេះ បានបន្ថែម​ថា៖​«មួយ​វិញ​ទៀត ការ​នាំ​ឲ្យ​យើង​ចាញ់ ក្នុង​ជើងទី​១ ដោយសារ​កីឡាករ​របស់​យើង ​លេង​ខ្លាចប៉ះ​ទង្គិច អ៊ីចឹង​ធ្វើ​ឲ្យ​ក្រុម​របស់​គេ ងាយ​ស្រួលក្នុងការ​លេង ប៉ុន្តែ​លើក​នេះ យើង​នឹង​លេង​ដោយការ​ដាក់សម្ពាធ គឺយើង​ត្រូវតែ​ហ៊ាន​លេង​ជាមួយនឹង​ការប៉ះ​ទង្គិច ព្រោះ​យើងត្រូវការ​គ្រាប់បាល់»។

ចំណែក​ក្រុមម្ចាស់​ផ្ទះ ​ខេត្ត​ត្បូង​ឃ្មុំ ក៏ហាក់​មិនទាន់មាន​ការ​ជឿជាក់​ខ្លាំង ក្នុងការ​បន្ត​យក​ឈ្នះ​​លើ​ខេត្តកំពង់ស្ពឺ​ ដូច​គ្នា ព្រោះ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែនមេមត់ វា​មិនមែន​ជា​ទី​លានដែលពួកគេ​ហ្វឹក​ហាត់នោះទេ ហើយកីឡដ្ឋាន​នេះ ក៏​នៅ​ឆ្ងាយ​ពី​កន្លែង ដែល​ពួក​គេ​រស់​នៅ​ផងដែរ។

លោក ផន រស្មីពេជ្រ គ្រូ​បង្គោល​ក្រុម​ខេត្តត្បូងឃ្មុំ បាន​និយាយ​ថា៖​«ទោះ​ការ​ប្រកួត​លើកនេះ ធ្វើ​នៅលើ​ទឹក​ដី​យើង​ ប៉ុន្តែ​យើង​មិន​គិត​ថា ស្រួល​ជាង​ជើង​ទី១​ប៉ុន្មាន​ទេ ព្រោះ​កីឡាករ​ភាគ​ច្រើន​ ​នៅ​ឆ្ងាយ​ពី​ទីលាន ដ្បិតអី​​ពួកយើង​ភាគ​ច្រើន ​នៅ​សួង, តំបែរ និង​ក្រុង​ត្បូងឃ្មុំ អ៊ីចឹងទម្រាំ​​ទៅ​ដល់​តារាង​មេមត់ យើង​ត្រូវ​ជិះ​ដល់​ខ្ទង់​៨០​គីឡូម៉ែត្រ​​​ឯណោះ ហេតុនេះ​យើង​អាច​មាន​បញ្ហា​ខ្លះ​ដែរ ​ក្នុង​ការ​សម្រប​លើ​ទីលាន ហើយ​យើង​ក៏​មាន​កីឡាករ​ម្នាក់​ជាប់​ពិន័យ​ថែម​ទៀត»។

ជាមួយគ្នា​នេះ ក្រុម​ខេត្តកំពង់ឆ្នាំង នឹង​បើក​កីឡដ្ឋាន​វិទ្យាល័យ​កំពង់​ត្រឡាច ដើម្បី​ស្វាគមន៍​ក្រុម​ខេត្តកែប នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​ពុធនេះ​ដែរ។ ​ការ​ប្រកួតនេះ អាច​នឹងមាន​ភាព​ស្វិតស្វាញ​ខ្លាំង ព្រោះ​​ក្រុម​ម្ចាស់​ផ្ទះ ត្រូវការ​រក​គ្រាប់បាល់ ដើម្បី​វាយបក​ទៅ​លើ​​ក្រុម​ខេត្តកែប​វិញ ដ្បិតអី​កាល​ប្រកួតជើងទី​១ កន្លងមក​នេះ ខេត្តកំពង់ឆ្នាំង បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ ខេត្តកែប ៤-៣៕