ការ​ប្រកួតថ្នាក់​ខេត្តនៃ​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ ឆ្នាំ​២០២០ បាន​រក​ឃើញ​ក្រុមខ្លាំង​ទាំង​៤​ ​សម្រាប់​ឡើង​ទៅប្រកួត​ថ្នាក់ជាតិ វគ្គ​១៦​ក្រុម ជាមួយក្រុម​ ដែល​កំពុង​លេងនៅ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ ជា​ផ្លូវការ​ហើយ បើ​ទោះបីជា ក្រុមទាំង​៤​នេះ មិនទាន់ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និងវគ្គ​ផ្តាច់​ថ្នាក់​ខេត្ត ក៏​ដោយ។

ក្រុមខេត្ត​សៀមរាប ​ខេត្តត្បូង​ឃ្មុំ ខេត្តកែប និង​ក្រុមខេត្ត​ត្បូងឃ្មុំ គឺ​ជា​បេក្ខភាព ដែល​បាន​ឈ្នះ​កៅ​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្នាក់​ខេត្ត ហើយក៏ជា​ក្រុម​ដែល​នឹង​ត្រូវ​ឡើង​ទៅ​លេង​ថ្នាក់ជាតិ ជាមួយក្រុម​លីកំពូល​កម្ពុជាផងដែរ ព្រោះ​លក្ខខណ្ឌ​នៅ​ក្នុងការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​២០២០នេះ បានកំណត់យក​ក្រុមចំនួន​៤ ចេញពី​ការ​ប្រកួត​ថ្នាក់ខេត្ត ឲ្យ​ឡើង​ទៅ​លេងថ្នាក់ជាតិ។

ការ​សម្រេច​បែបនេះ ក៏​ព្រោះ​តែ​ការ​ប្រកួត​លីក​កំពូល នៅ​ឆ្នាំ​នេះ មាន​តែ​១៣​ក្រុម ស្រប​ពេល​​ក្រុម​យុវជនសាលា​បាល់​​ទាត់ជាតិបាទី​អាយុ​ក្រោម​១៨​ឆ្នាំ មិនចូល​រួមការ​ប្រកួត​ថ្នាក់ជាតិ​នេះ​ទៅ​ទៀត។ អ៊ីចឹងមានន័យ​ថា ក្រុម​ខេត្ត​ព្រៃវែង ខេត្តសៀម​រាប ខេត្តត្បូងឃ្មុំ និង​ក្រុមខេត្តកែប សុទ្ធតែ​បាន​ឡើង​ទៅ​ប្រកួត​ថ្នាក់ជាតិ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ព្រះខ័ន​រាជ​ស្វាយរៀង ណាហ្គាវើល វិសាខា អង្គរងាយហ្គឺរ បឹងកេត Tiffy Army សូល​ទីឡូអង្គរ នគរ​បាល​​ជាតិ គិរីវង់សុខសែន​ជ័យ អាស៊ីអឺរ៉ុបយូណាយធីត និង​​អគ្គិសនី​កម្ពុជា ដែលជាសុទ្ធតែ​ជា​ក្រុម​កំពុង​លេងនៅលីកកំពូល​កម្ពុជា ឆ្នាំ​២០២០នេះ។

យ៉ាងណា​ក៏ដោយ ក្រុមខេត្ត​សៀម​រាប ​ខេត្តត្បូង​ឃ្មុំ ខេត្តកែប និង​ក្រុមខេត្ត​ត្បូងឃ្មុំ នឹង​ត្រូវ​ប្រកួតគ្នា ដើម្បី​រក​ក្រុមម្ចាស់​ជើង​ឯក​ថ្នាក់​ខេត្ត​សិន ដោយក្នុងនោះ​ក្រុម​ខេត្ត​ព្រៃ​វែង និង​ក្រុម​​ខេត្តសៀម​រាប ត្រូវ​ជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈក្រុម​ខេត្តត្បូងឃ្មុំ ត្រូវ​ប៉ះ​ក្រុមខេត្តកែប ហើយ​វគ្គ​១/២​ផ្តាច់ព្រ័ត្រនេះ នឹង​ត្រូវ​ធ្វើឡើង២ជើង ដោយក្នុងនោះ​ជើងទី​១ គ្រោងឈ្នះ​នៅ​ថ្ងៃទី​១៥​ ឯ​ជើងទី​២ គ្រោង​ធ្វើនៅ​ថ្ងៃទី២២ ខែកក្កដា ដើម្បី​រក​ក្រុម​ឈ្នះ ឡើង​ទៅជួប​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ដែរ​ថា ការ​ឈ្នះ​កៅអី ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាងក្រុមទាំង​៤​នេះ គឺ​បន្ទាប់ពី​ពួគេ​បាន​ទម្លាក់ក្រុម​ខេត្តកោះកុង ខេត្ត​កណ្តាល ខេត្តកំពង់ស្ពឺ និងខេត្ត​កំពង់ឆ្នាំង នៅវគ្គ​ជម្រុះ​៨​ក្រុមចុង​ក្រោយ ដោយ​ក្នុង​នោះ ក្រុមខេត្តព្រៃវែង បាន​ឈ្នះ​ក្រុម​ខេត្តកោះកុង ទាំង​២ជើង ៥-១ និង ៣-០ ឯ​ក្រុម​ខេត្ត​សៀម​រាប បាន​ទម្លាក់ក្រុមខេត្តកណ្តាល ដោយការទាត់បាល់​ប៉េណាល់ទី​កាត់សេចក្តី ៣-១ ព្រោះការ​ប្រកួតទាំង​២ជើងក្រុមទាំង​២​នេះ មានគ្រាប់បាល់ស្មើគ្នា ៤-៤។

ចំណែក​ការ​ប្រកួតកាត់​សេចក្តី​ជើងទី​២ វគ្គ​៨​ក្រុមចុងក្រោយ កាលពីថ្ងៃ​ពុធ ម្សិលមិញ ក្រុមខ្សែ​បម្រើ ជឿន ណាចារ រក​បាន​២​គ្រាប់តែ​ម្នាក់​ នៅនាទីទី​១២ និងទី​៨៦ គឺ​នៅ​ចន្លោះ​ការ​រក​បាន​១​គ្រាប់របស់​ខ្សែ​ប្រយុទ្ធពាក់លេខ​៣៣ សា ម៉ូស្លីម នៅនាទី​២១ ហើយ​២​គ្រាប់​របស់​គេ បាន​ជួយ​ឲ្យខេត្តកែប បន្ត​ឈ្នះ​ខេត្តកំពង់ឆ្នាំង ២-១ នៅ​ក្រៅទឹក​ទី បន្ថែម​លើការ​ឈ្នះ ៤-៣ កាលពីជើងទី​២ នៅលើទឹកដីខ្លួន​ឯង។

 

 

 

ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធពាក់លេខ​៧២ វ៉ាហេត ហាំហ្វា បាន​រក​គ្រាប់បាល់​តាមស្មើ ១-១ ឲ្យក្រុម​ខេត្តត្បូងឃ្មុំ នៅនាទីទី៥៨ ដើម្បី​លុបចោលគ្រាប់បាល់​នាំ​មុខ​របស់​ខេត្តកំពង់ស្ពឺ ដែល​ស៊ុតពី​ចម្ងាយដោយខ្សែ​ប្រយុទ្ធ​ពាក់លេខ​៩ ណូ ស៊ូរី នៅនាទីទី​៣៤ ហើយ​ការ​ស្មើ​គ្នា ១-១​ ​នេះ បានធ្វើ​ឲ្យក្រុម​ម្ចាស់ផ្ទះ ខេត្តត្បូងឃ្មុំ បន្ត​មាន​ប្រៀប​លើ​ក្រុម​ខេត្តកំពង់ស្ពឺ ព្រោះការ​ប្រកួត​ជើងទី​១ ពួគេ​បាន​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ខេត្តកំពង់ស្ពឺ ២-០៕