ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម Liverpool ស្ថិត​លើផ្លូវ​នៃ​ការ​បង្កើត​កំណត់ត្រា​​​​ពិន្ទុ​ថ្មី​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលក្រុម​ម្ចាស់​​ជើង​ឯក​មួយ​នេះ បាន​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ៣-១ នៅ​លើ​ទឹកដីក្រុម Brighton ស្រប​ពេល​ដែលក្រុម Manchester City បាន​​ស្តារ​មុខមាត់​វិញ​​តាម​រយៈ​ការ​លត់​ក្រុម Newcastle ចាស់​ដៃ​ក្នុងលទ្ធ​ផល ៥-០ កាលពីថ្ងៃពុធ​។

ក្រុម​របស់​​លោក Klopp កំពុង​តែ​សង្ឃឹម​ថា អាច​បំ​បែក​កំណត់ត្រា​នៃ​ការ​រក​បាន​ច្រើន​ជាង​១០០ពិន្ទុ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម Man City ក្នុង​ឆ្នាំ​២០១៨ ហើយពួក​គេ​នៅ​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​​បំ​បែក​កំណត់ត្រា​នោះ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​នៅ​ក្រៅដី​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​ខែកុម្ភៈ​។ Liverpool មាន​៩២ពន្ទុ និង​ត្រូវ​ការ​ត្រឹម​តែ​៩ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពីការ​ប្រកួត​៤​លើក​ចុងក្រោយ ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម Burnley, Arsenal, Chelsea និង Newcastle ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​​ការ​ប្រជែង​បំ​បែក​កំណត់ត្រា លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «វា​មិន​សំខាន់​សម្រាប់​ខ្ញុំ​ឡើយ​។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ករណីនេះ​ឡើយ ប៉ុន្តែ ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​​កី​ឡា​បាល់ទាត់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia