ការប្រកួតទាំង៤គូនៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ដែលត្រូវបានពន្យារពេល ដោយសារតែវីរុសកូវីដ-១៩ កាលពីខែមីនា នឹងត្រូវរៀបចំឡើងនៅខែក្រោយនេះ នៅកីឡដ្ឋាននានា ដែលជាទឹកដីរបស់ក្រុមម្ចាស់ផ្ទះ ប្រសិនបើការធ្វើដំណើរអាចប្រព្រឹត្តទៅបាន ដោយគ្មានការរិតត្បិត។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា ការរៀបចំស្រដៀងគ្នានេះ ក៏នឹងយកទៅប្រើប្រាស់ក្នុងការប្រកួតជើងទី២នៃក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយ ផងដែរ។ UEFA ក៏បានបញ្ជាក់ផងដែរថា រាល់ការប្រកួតទាំងអស់ក្នុងក្របខ័ណ្ឌកម្រិតក្លិបទ្វីបអឺរ៉ុប នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ លុះត្រាតែមានសេចក្តីជូនដំណឹងបន្ថែមទៀត ដែលនេះគឺជាវិធានការមួយក្នុងការទប់ស្កាត់ទុកជាមុន។

ការប្រកួតក្របខ័ណ្ឌ Champions League ដែលនឹងត្រូវលេងនោះគឺរួមមាន ជំនួបរវាងក្រុម Manchester City v Real Madrid ការជួបគ្នារវាងក្រុម Bayern Munich និង Chelsea ជំនួបរវាងក្រុម Juventus និង Olympique Lyonnais និង Barcelona v Napoli។ ការប្រកួតទាំងអស់ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ទី៨ ខែសីហា។

UEFA បានបញ្ជាក់ថា ការសម្រេចចិត្តទៅលើការរៀបចំការប្រកួតទាំងនេះ គឺមានភាពស៊ីចង្វាក់គ្នាជាមួយនឹងគោលការណ៍នៃភាពស្មើគ្នាក្នុងកីឡា និងបានដាក់ឲ្យដំណើរការ ដោយសាសរតែរាល់ក្រុមម្ចាស់ផ្ទះទាំង៤ កំពុងតែលេងការប្រកួតលីកក្នុងស្រុករបស់ខ្លួន លើទឹកដីខ្លួនឯង៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia