ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធឆ្នើម​ចំនួន​៣រូប ដែលទើប​ផ្លាស់ប្តូរទ្រនំចាស់ ចាប់យក​ទ្រនំ​ថ្មី ក្នុងរដូវកាល​ថ្មី​នេះ រួមមាន Paul Omogba វ៉ា ខ្វីនទីន និង Shane Booysen នឹងត្រូវប្រឈម​មុខជាមួយ​អតីតមិត្ត​រួម​ក្រុមរបស់ពួក​គេ នៅ​ពេល​ក្រុម​ខ្លាំង​ទាំង​២ គឺ​ណាហ្គាវើល និង​ភ្នំពេញ​ក្រោន ត្រូវវិល​មក​ជួប​គ្នា ក្នុងការ​ប្រកួត​បិទទ្វារ នៃ​​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ នៅល្ងាច​​ថ្ងៃ​អាទិត្យនេះ។

នៅ​ក្នុង​ការ​ប្រកួតដ៏​ធំប្រចាំសប្តាហ៍ទី​៧​នេះ​ ខ្សែ​ប្រយុទ្ធ វ៉ា ខ្វីនទីន និង Shane Booysen ដែល​ធ្លាប់លេងឲ្យ​ភ្នំពេញ​ក្រោន កាលពី​រដូវ​កាល​មុន ជាមួយឯកសណ្ឋាន​លេខ​១០ និង​លេខ​៩០​នោះ នឹង​ពាក់​ឯកសណ្ឋានថ្មី​របស់​ក្រុម​ណាហ្គាវើល វិញ ដោយ វ៉ា ខ្វីនទីន ពាក់លេខ​៩ ហើយ ​ Booysen ពាក់​លេខ​១១។ ផ្ទុយពីនេះ  Paul Omogba ដែល​ធ្លាប់​ពាក់លេខ​៣០ របស់​ណាហ្គាវើល នៅតែបន្ត​​ពាក់លេខ​៣០ដដែល ប៉ុន្តែជា​ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ភ្នំពេញ​ក្រោន។

ការ​ប្រឈម​មុខ​របស់​អ្នក​ទាំង​៣ ទៅនឹង​អតីត​មិត្ត​រួម​ក្រុម​រៀងៗ​ខ្លួន​នេះ គឺ​ស្រប​ពេល​ដែល ភ្នំពេញ​ក្រោន និង​ណាហ្គាវើល សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​យក​ចំណាត់​ថ្នាក់លេខ ខណៈការ​ប្រកួត កាល​ពី​សប្តាហ៍មុន​នេះ ណាហ្គាវើល បាន​វាយ​បក​យក​ឈ្នះ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ៤-១ ដើម្បី​ឡើង​មក​ឈរ​នៅ​លេខ​៤ តែ​ភ្នំពេញ​ក្រោន បាន​ធ្លាក់ពី​លេខ​១ មក​ឈរ​នៅលេខ​២​វិញ ក្រោយ​បានត្រឹម​ស្មើ ២-២ នៅ​លើទឹក​ដី​ខ្លួនឯង​នោះ។

យ៉ាង​ណា​ក៏ដោយ បើ​តាម​លោក មាស ចាន់ណាស គ្រូ​បង្វឹក​ក្រុមណាហ្គាវើល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងការ​ប្រកួតដ៏សំខាន់នេះ វ៉ា ខ្វីនទីន មិនអាច​ចូល​រួម​ជួយ​ក្រុ​ម​បានទេ ព្រោះនៅ​ឈឺត្រគាក ចំណែក Shane Booysen នឹង​ត្រូវ​ធ្វើការ​ងារ​ធ្ងន់ ព្រោះ​ខ្សែ​ការពារ រៀម ស៊ឹង និងខ្សែ​ប្រយុទ្ធ​ជប៉ុនពាក់លេខ​៩៩ Naruse Yuta ក៏​មាន​របួស មិនអាចជួយ​ក្រុម​ណាហ្គាវើល បាន​ដូច​គ្នា។

ជុំវិញ​ការ​អវត្តមាន​របស់​កីឡាករ​ជម្រើសដំបូងទាំង​៣​នេះ លោក មាស ចាន់ណា បាន​ប្រាប់ថា៖ ​«ការ​ត្រៀម​លើក​នេះ អាច​ពិបាក​បន្តិច ព្រោះ​កីឡាករ​របស់​ខ្ញុំ​ឈឺ៣នាក់ តែ​ដោយសារ​យើង​ជា​ក្លិប​ស្ថិត​នៅ​ក្នុងលំដាប់ Top4 គឺយើង​ក៏មាន​កីឡាករដាក់​​ជំនួស ដែល​មាន​កម្រិត​លេង​ប្រហាក់​​ប្រហែលផង​ដែរ»។

 

យ៉ាង​ណា​ក៏​ដោយ ការបាត់បង់​សមាជិក​សំខាន់ទាំង​៣នាក់នេះ វាអាច​នឹង​ធ្វើ​ឲ្យក្រុមណាហ្គាវលក មាន​ភាព​តឹនតឹង ក្នុងការ​ប្រជែងជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ដែរ។ លោក មាស ចាន់ណាស បាន​បញ្ជាក់​​ថា៖ ​«បើសិនជា​ខ្ញុំ​អត់មាន​បាត់បង់​កីឡាករ​ទេនោះ ខ្ញុំ​អត់​សូវ​តាន​តឹងទេ ប៉ុន្តែ​ដល់​ពេល​បាត់កម្លាំង​សំខាន់​ដល់​តែ​៣នាក់បែបនេះ វា​អាច​នឹងមានការ​តាន​តឹង​ដែរ អ៊ីចឹងទម្រង់​​លេង​របស់យើង​ អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ ទៅតាម​ស្ថាន​ភាព​ជាក់​ស្តែង»។

ដោយឡែក​ក្រុមវិសាខា អាច​មាន​ភាគរយខ្ពស់ ក្នុងការ​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម ចំណែក​ក្រុមអង្គរថាយហ្គឺរ ដែល​បានត្រឹមស្មើ ២-២ ជាមួយក្រុមអគ្គិសនី​កម្ពុជា អាច​នឹងផ្តួល​​ក្រុម​ក្មេងខ្ចី យុវជនបាល់​ទាត់បាទី ជាមួយគ្រាប់បាល់​ច្រើន ដើម្បីស្តារភាពខ្លាំង​របស់ខ្លួន​ឡើង​វិញ តែ ក្រុមបឹងកេត នៅមិនទាន់​ប្រាកដថា អាច​ដណ្តើម​បាន​៣ពិន្ទុ ពីក្រុមគិរីវង់សុខសែនជ័យ នៅ​ឡើយ​ទេ៕​