ខ្សែបម្រើ Toby Alderweireld បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុម Tottenham ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Arsenal ស្របពេលដែលក្រុមរបស់លោក Jose Mourinho បានឡើងឈរពីលើគូប្រកួតស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងរបស់ពួកគេ ស្របពេលដែលក្រុម Bournemouth បានរក្សាក្តីសង្ឃឹមនៃការគេចឲ្យផុតពីតំបន់កាត់ចោល តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Leicester City កាលពីថ្ងៃអាទិត្យ។

លោក Mourinho បានរងនូវការរិះគន់ជាបន្តបន្ទាប់ នៅពេលដែលក្រុម Tottenham បានធ្លាក់ចេញពីការប្រជែងដណ្តើមកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ក្រោយពីឈ្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួត៣លើក។ ប៉ុន្តែ ជាមួយនឹងគ្រាប់បាល់ឈ្នះរបស់ Alderweireld នៅរយៈពេល៤នាទីចុងក្រោយ ក្រុម Tottenham បានវិលទៅកាន់ការប្រជែងដណ្តើមយកកៅអីទៅកាន់ក្របខ័ណ្ឌ Europa League សម្រាប់យុទ្ធនាការនៅរដូវកាលក្រោយវិញ។
![]()
ក្រុម Tottenham កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ដោយនាំមុខ២ពិន្ទុពីលើក្រុមឈរលេខ៩ Arsenal និង២ពិន្ទុតាមពីក្រោយក្រុម Sheffield United ខណៈដែលពួកគេព្យាយាមគេចឲ្យផុតពីការអវត្តមានក្នុងក្របខ័ណ្ឌអេរ៉ុប ជាលើកទី១ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០០៩-២០០១។
លោក Mourinho បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ ពីព្រោះយើងបានធ្វើឲ្យអ្នកគាំទ្ររីករាយ យើងពិតជារីករាយពីព្រោះយើងនៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះកៅអីក្នុងក្របខ័ណ្ឌ Europa League»៕
ប្រភពព័ត៌មាន៖ Channel News Asia
