ក្រុម​ម្ចាស់​ជើង​ឯក​ព្រះខ័នរាជស្វាយរៀង មាន​ពិន្ទុ​ដាច់កាន់​តែឆ្ងាយ​ពី​ក្រុមឈរ​នៅ​លេខ​២​ភ្នំពេញ​ក្រោន ខណៈ​ភ្នំពេញ​ក្រោន បាន​សន្សល់ទុក​នៅត្រឹម​ការ​សោក​ស្តាយជាមួយចែក​គ្នា​ម្នាក់១ពិន្ទុ​នឹងក្រុមណាហ្គាវើល​នោះ ចំណែក​ក្រុម​បឹងកេត អង្គរថាយហ្គឺរ និងក្រុមកងយោធ​ពល​​ខេមរភូមិន្ទ សុទ្ធតែ​ដណ្តើម​បាន​៣ពិន្ទុ សម្រាប់ការ​ប្រកួតប្រចាំ​សប្តាហ៍​ទី​៧ កាលពី​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិល​មិញ។

នៅ​ក្នុងការ​ប្រកួតនេះ ក្រុមម្ចាស់ផ្ទះ​ព្រះ​ខ័នរាជស្វាយរៀង បាន​វាយ​បក​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប រហូត​ដល់ ៧-២ ខណៈ​ខ្សែ​ប្រយុទ្ធ Abbee Adjoo Hurber បានស៊ុតបាល់ពិន័យ​១១ម៉ែត្រ​បាន​សម្រេច ជួយ​ឲ្យក្រុមអាស៊ីអឺរ៉ុប នាំ​មុខ ១-០ តាំង​ពីនាទីទី​៩ ប៉ុន្តែ ហួយ ផល្លីន បាន​តាមស្មើ​ឲ្យក្រុមស្វាយ​រៀង នៅនាទីទី​៤៥ ហើយ​នៅ​តង់ទី​២ ខ្សែ​ប្រយុទ្ធ Privat រក​បាន​៣គ្រាប់​តែ​ម្នាក់ឯង ឯ Pedro Augusto រក​បាន​២គ្រាប់ និង សឿយ វិសាល បាន​១​គ្រាប់​ដែរ នៅ​មុនពេល Abbee Adjoo Hurber រក​បាន​គ្រាប់បាល់​ទី​២ ឲ្យ​អាស៊ីអឺរ៉ុប នៅនាទីទី​៨១។

ការ​ដណ្តើម​បាន​៣ពិន្ទុ ដូចការ​រំពឹង​ទុក​លើ​ក្រុមអាស៊ីអឺរ៉ុបនេះ បាន​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង បន្ត​ឈរ​នៅ​លើកំពូល​តារាង ដោយមាន​១៩ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុមកំពុង​ឈរ​នៅ​លេខ២ ​ភ្នំពេញ​ក្រោន ដល់​៤ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោន មិនអាច​រក្សា​ការ​មាន​ប្រៀប​លើ ក្រុមណាហ្គាវើល រហូត​ដល់ចប់​ការ​ប្រកួត​នោះ។

សម្រាប់ការ​ប្រកួត​នៅកីឡដ្ឋាន​ស្តាតចាស់ កាលពី​ថ្ងៃអាទិត្យ​នោះ ខ្សែ​ប្រយុទ្ធ Timothy រក​បាន​គ្រាប់បាល់​ឲ្យក្រុម​ភ្នំពេញក្រោន លឿន​បំផុត គឺ​ត្រឹម​រយៈពេល​១នាទី ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Marques Marcio បាន​ស៊ុត​បាល់តាមស្មើ​ឲ្យក្រុមណាហ្គាវើល នៅនាទីទី​៨០ ហើយការ​ចែក​គ្នាម្នាក់​១ពិន្ទុ​នេះ បាន​ធ្វើ​ឲ្យក្រុមទាំង​២ បន្ត​ឈរ​នៅតាមទីតាំង​ចាស់​រៀងៗ​ខ្លួន។

យ៉ាង​ណា​ក៏ដោយ លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន នៅតែ​មិនអស់​ចិត្ត ចំពោះ​ការបណ្តោយ​ឲ្យ​ក្រុម​ណាហ្គាវើល តាមស្មើនេះ។ លោក​បាន​និយាយថា៖​« យើង​ឃើញ​ថា ក្នុង​រយៈ​ពេល ៩០នាទី ឱកាស​របស់​ក្រុម​ទាំង២ មានទៅ មានមក ប៉ុន្តែ​បរិមាណ​នៃ​ឱកាស​គ្រោះ​ថ្នាក់​បំផុត គឺ​យើង​មាន​ច្រើន​ជាង។ យើង​គិត​ថា អ្វី​ដែល​រៀបចំ​ដាក់​ឲ្យ​កីឡាករលេង គឺ​ពួក​គាត់​ធ្វើ​បាន​ល្អ​ច្រើន តែ​អ្វី​យើង​ធ្វេស​ប្រហេស​មួយ​នោះ គឺ​ការ​របូត​គ្រាប់​បាល់​ ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ទៅដោយ​​ស្មើ​គ្នា»។

យ៉ាងណាមិញ ក្រុម​បឹងកេត នៅតែ​អាច​បន្ត​ឈរ​នៅ​លេខ​៣ បន្ទាប់​ពីពួកគេបាន​​វាយ​បក​យក​ឈ្នះ​លើ​ក្រុមម្ចាស់ផ្ទះ​គិរី​វង់សុខសែនជ័យ ៤-១ វិញ​នោះ ចំណែក​ក្រុម​អង្គរថាយហ្គឺរ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជនបាទីអាយុ​ក្រោម​១៨​ឆ្នាំ ២-០ ដើម្បីឡើង​ទៅ​ឈរ​នៅ​លេខ៥ រីឯ​វិសាខា បាន​យក​ឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ដើម្បី​ឡើងមក​ឈរ​នៅ​លេខ​៤ ដែល​ជាទី​តាំង​ចាស់របស់​ក្រុមណាហ្គាវើល ខណៈ​ក្រុម​ទ័ព បាន​យក​ឈ្នះក្រុមនគរបាលជាតិ ៣-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ​៧ដដែល៕ ​