ការ​ជាប់ពិន័យព្យួរ​រយៈ​ពេល​២​ឆ្នាំ​របស់​ក្លិប Manchester City ពី​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ត្រូវ​បាន​លុប​ចោល​វិញ ដោយ​តុលា​ការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) កាលពីថ្ងៃចន្ទ ដើម្បី​អនុ​ញ្ញាត​ឲ្យ​ក្លិប​នេះ ប្រកួតក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​​។

CAS បាន​ចេញ​សេចក្តីសម្រេច​ថា Man City មិន​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​នៃ​ការ​ប្រកួត​ប្រជែង​​ផ្នែកហិរញ្ញ​វត្ថុ​ដោយ​យុត្តិ​ធម៌​ តាម​រយៈ​ការ​លាក់​បាំងមូលនិធិសមធម៌ តាម​រយៈ​ការ​ប្រើប្រាស់រូប​ភាព​ជា​ការ​ឧបត្ថម្ភ​ឡើយ​។

តុលា​ការ​ជាន់ខ្ពស់បំផុត​របស់​កីឡា ក៏​​បានកាត់​ប្រាក់​ពិន័យចំពោះ​ការ​​មិន​ចូលរួម​សហ​ការ​ជាមួយ​នឹង​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប ពី​៣០​លាន​អឺ​រ៉ូ មក​នៅ​ត្រឹម​១០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១១,៣០​លាន​ដុល្លារ​អាមេរិក) ផង​ដែរ​។

CAS បាន​ឲ្យ​ដឹងក្នុង​សេចក្តីថ្លែង​ការណ៍​ថា៖ «ការ​ចោទប្រកាន់​ភាគ​ច្រើន​ ដែល​ធ្វលើ​ឡើង​ដោយ សភាវិនិច្ឆ័យ​នៃអង្គភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីបអឺរ៉ុប (UEFA) មិន​មាន​ភស្តុ​តាង​ច្បាស់លាស់ ឬមិនឆ្លើយ​តប​ទៅតាម​ពេល​វេលាឡើយ​»​។

អង្គភាព​គ្រប់គ្រង​​កីឡា​បាល់ទាត់​ទ្វីប​អឺ​រ៉ុប បាន​ចេញ​សេចក្តី​សម្រេចកាលពី​ខែ​កុម្ភៈ​ថា Man City បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ប្រកួត​ប្រជែងផ្នែកហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌យ៉ាង​ធ្ងន់ធ្ងរ និង​មិន​ចូលរួម​សហ​ការ​ជាមួយនឹង​ការ​ស៊ើប​​អង្កេត​របស់​ខ្លួន​។ ការ​អវត្ត​មាន​ក្នុងក្រប​ខ័ណ្ឌ Champions League នឹង​ធ្វើ​ឲ្យ​ក្រុម Man City ដែល​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​ខុសនោះ ខាត​បង់​ប្រាក់​ដល់​ទៅ​១០០​លាន​ផោន (ស្មើនឹង​១២៦,០២លានដុល្លារ​អាមេរិក)៕

ប្រភព​ព័ត៌​មាន៖ Channel News Asia