គ្រូ​បង្វឹកក្រុម​ខេត្តកែប បាន​អះអាងថា ​ក្រុម​របស់​លោក ​អាច​នឹងមាន​លទ្ធភាព ដណ្តើម​បានជ័យជម្នះ​ លើក្រុម​ខេត្តត្បូងឃ្មុំ សម្រាប់ការ​​ប្រកួត​គ្នា ក្នុងវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់សម្តេច ហ៊ុន សែន លើក​ទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ នៅរសៀល​ម៉ោង​៣ ថ្ងៃ​ពុធ​​នេះ។

បើ​ទោះបីជា ការ​ប្រកួត​ជើងទី​១ ក្នុង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន​មេមត់ ដែល​ជា​ទឹក​ដី​របស់​ក្រុមខេត្តត្បូងឃ្មុំ ប៉ុន្តែ​ លោក ស សុរ៉ា បាន​ចាត់ទុក​ការ​ប្រកួត​ក្រៅ​ទឹក​ដី​មុន​បែបនេះថា វា​​នឹង​ធ្វើ​ឲ្យក្រុម​របស់​លោក​មាន​ភាព​ងាយ​ស្រួល​​លេង​ ជាង​ការ​ប្រកួត​ក្នុងទឹក​ដីខ្លួន​ឯង​មុន។

គ្រូ​បង្វឹក​ក្រុមខេត្ត​កែប លោក ស សុរ៉ា បាន​ប្រាប់កាល​ពី​ថ្ងៃអង្គារ​ថា៖​«​ការ​ទៅ​លេង​នៅ​លើទឹក​ដី​គេ​មុនបែប​នេះ ខ្ញុំ​គិត​ថា វា​ស្រួលលេង និងស្រួល​រៀបចំ ជាង​ការ​ប្រកួត​នៅ​លើទឹក​ដី​របស់​យើងមុន។ ជាក់ស្តែង​ការ​​ប្រកួត​វគ្គ​ជម្រុះ​៨ក្រុមចុង​ក្រោយជាមួយ​ក្រុម​ខេត្តកំពង់ឆ្នាំង កន្លង​មកនេះ យើងធ្វើ​ម្ចាស់ផ្ទះមុន ដល់​អ៊ីចឹងការ​ប្រកួត ខ្ញុំមើល​ឃើញ​ថា ដូចជា​ពិបាក​លេង និងពិបាក​ក្នុងការ​រៀបចំ»។

គួរ​រំឭកថា សម្រាប់ការ​ប្រកួតជម្រុះវគ្គ​៨​ក្រុមចុងក្រោយ កន្លងមកនេះ ក្រុមខេត្ត​កែប បាន​យក​ឈ្នះ​ក្រុម​ខេត្តកំពង់ឆ្នាំង ៤-៣ សម្រាប់ការ​ប្រកួត នៅលើ​ទឹក​ដីខ្លួន​ឯង ក្នុង​ជើងទី​១ និងបាន​បន្ត​ឈ្នះ​ទាំងលំបាក ២-១ នៅ​ក្រៅ​ទឹក​ទី ក្នុង​ជើងទី​២ ហើយគ្រាប់បាល់ទាំង​២​នោះ រក​បាន​ដោយ​ក្រុមខ្សែ​បម្រើ ជឿន ណាចារ នៅនាទីទី​១២ និងទី​៨៦ គឺ​នៅ​ចន្លោះ​ការ​រក​បាន​១​គ្រាប់របស់​ខ្សែ​ប្រយុទ្ធពាក់លេខ​៣៣ សា ម៉ូស្លីម របស់ក្រុមម្ចាស់​ផ្ទះ ខេត្តកំពង់ឆ្នាំង នៅនាទី​២១។

នៅពេល​សួរ​ដល់ទម្រង់លេង​របស់​ក្រុមខេត្តត្បូងឃ្មុំ លោក ស សុរ៉ា ​បាន​បញ្ជាក់ថា៖​«ខ្ញុំ​អត់សូវបារម្ភ​ទៅលើ​ទម្រង់​លេង​របស់​ក្រុមខេត្តត្បូងឃ្មុំ ប៉ុន្មានទេ ព្រោះ​ខ្ញុំ​បាន​​មើល និង​បាន​​ដឹងពី​ទម្រង់លេង​របស់​​ក្រុមមួយនេះ​រួច​ហើយ។ បន្ថែម​លើនេះ កីឡាករ​ជម្រើស​ដំបូង​របស់​ខេត្តត្បូង​ឃ្មុំ ២នាក់ ក៏​ជាប់ពិន័យកាត​ក្រហម មិន​បាន​ចូលលេង​ក្នុងជំនួប​នេះផងដែរ ខណៈ​ក្រុម​របស់​យើងត្រៀម​​ប្រយុទ្ធបាន​ល្អ នឹង​មានសង្ឃឹមឈ្នះដល់​៨០ភាគ​រយ»។

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់តែ​ការ​អះអាង និង​ការ​បង្ហាញ​ពីទំនុក​ចិត្ត​របស់​លោក ស សុរ៉ា ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ប្រកួតជាក់ស្តែង ទៅជា​យ៉ាង​ណា​នោះ នៅមិនទាន់​ដឹង​នៅ​ឡើយ​ទេ ខណៈ​អ្នកទស្សនា​មួយចំនួន គិត​ថា ក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ខេត្តត្បូង​ឃ្មុំ អាច​នឹង​មាន​ឡើងភាព ឡើងដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ចំណែក​ការ​ប្រកួតវគ្គ​៨ក្រុមចុងក្រោយ កន្លង​មកនេះ ខេត្តត្បូងឃ្មុំ ​​បានទម្លាក់​ក្រុម​ខេត្តកំពង់ស្ពឺ ដោយការយក​​ឈ្នះ ២-០ នៅ​ក្រៅ​ទឹក​ដី និងស្មើ​គ្នា ១-១ នៅ​ក្នុងទឹក​ដី​ខ្លួន​ឯង៕