ក្រុម​ខេត្តសៀមរាប បាន​ទទួលស្គាល់​ថា ពួកគេ អាច​នឹង​ពិបាក​ទប់ទល់​ជាមួយ​ក្រុម​ខេត្ត​ព្រៃ​វែង សម្រាប់​ការ​ប្រកួតជើងទី​១ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​​ពាន​រង្វាន់សម្តេច ហ៊ុន សែន លើក​ទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ នៅកីឡដ្ឋាន​ខេត្តសៀម​រាប នារសៀល​ម៉ោង​៣ ថ្ងៃ​​ពុធ​​នេះ។

អ្នក​ចាត់ការទូទៅ​ក្រុម​ខេត្តសៀម​រាប លោក ជួន សុខវ៉ាន់ឌី ​បាន​ដឹងរួច​ទៅ​ហើយ​ថា ក្រុម​ដែល​លេងតំណាង​ឲ្យខេត្ត​ព្រៃ​វែង គឺ​ជា​ក្រុម​យុវជន​របស់ក្លិប​វិសាខា ដែល​មាន​ការ​​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ ទៅ​តាមក្បួន​ខ្នាត​យ៉ាង​ត្រឹម​ត្រូវ គឺ​ខុស​ពី​សមាជិក​ក្រុម​សៀម​រាប ដែល​សុទ្ធតែ​ជា​អ្នកមក​លេង​ដោយការ​ស្ម័គ្រ​ចិត្ត។

លោក ជួន សុខវ៉ាន់ឌី បាន​ប្រាប់កាលថា៖​ «ជាធម្មតា ការ​ប្រកួត យើង​ត្រូវតែ​​មាន​សង្ឃឹម ប៉ុន្តែលទ្ធផល​យ៉ាង​ណា​នោះ គឺ​វា​អាស្រ័យ​ទៅ​លើការ​ប្រកួតជាក់ស្តែង លើ​ទី​លាន ហើយ​ដឹង​ថា សមត្ថភាព​លេង​របស់​យើង ហាក់នៅ​ក្រោមគេ ព្រោះ​ក្រុម​លេង​តំណាង​ឲ្យខេត្ត​ព្រៃវែង ជា​ក្រុម​យុវជន​របស់​​វិសាខា ដែល​គេ​មានការ​ប្រមូល​ផ្តុំហ្វឹកហាត់ត្រឹម​ត្រូវ និងមាន​ប្រាក់ខែស៊ី ចំណែក​កីឡាករ​របស់យើង សុទ្ធតែ​មក​លេង​ដោយការ​ស្ម័គ្រ​ចិត្ត»។

លោក​បាន​បន្ថែម​ថា៖​«​ទម្រង់លេង​របស់គេ អាច​ល្អ​ជាង​យើង ហើយ​ក្រុម​យុវជន​វិសាខានេះ ក៏​ធ្លាប់បានឈ្នះក្រុម​​យើង នៅ​ក្នុងការ​ប្រកួត​ពាន​រង្វាន់​វិទ្យា​ល័យ​ជ្រើស​រើស​ជើង​​ឯក​ថ្នាក់ជាតិ ​ឆ្នាំ​២០១៩ នៅ​វគ្គ​៨​ក្រុម​ផងដែរ ដោយកាល​នោះ ពួកគេលេងតំណាង​ឲ្យក្រុម​វិទ្យាល័យឥន្ទ្រទេវី ហើយក្រុម​យើង​លេងតំណាង​ឲ្យវិទ្យាល័យ​១០​មករា»។

យ៉ាង​ណាក៏​ដោយ លោក ជួន សុខវ៉ាន់ឌី បាន​អះអាង​ថា នឹង​ជំរុញឲ្យ​ក្រុម​របស់​លោក​លេង​ឲ្យ​អស់ពីសមត្ថ​ភាព។ លោក​បាន​បញ្ជាក់ថា៖​«បើ​ទោះ​បីជា​ការ​ប្រកួតនេះ វា​មាន​ការ​ពិបាកចំពោះ​ពួក​យើង ប៉ុន្តែយើងនឹងខំប្រឹង​ប្រែង​លេង​ឲ្យអស់ពី​សមត្ថភាព គឺយើង​ត្រូវ​លេង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ឲ្យយើង​អស់ចិត្ត ទៅ​នឹង​លទ្ធផល ដែល​យើង​នឹង​ទទួល​បាន ក្នុងការ​ប្រកួតនេះ»។

ចំណែកលោក វី លីកា ​គ្រូ​បង្វឹក​ក្រុម​យុវជន​​របស់​ក្លិប​វិសាខា ហើយជា​ក្រុម​លេង​តំណាង​ឲ្យខេត្តព្រៃ​វែង នោះ ហាក់​គេច​វេះ ទៅនឹងការ​សួរ​នាំ​របស់អ្នក​សារព័ត៌មាន ព្រោះ​នៅ​ពេល​សួរពី​​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ខេត្ត​ព្រៃវែង ​បែរ​ជាលោកឆ្លើយតប​មកវិញ​ថា ជាប់រវល់ ហើយ​ក៏​បិទទូរស័ព្ទ។

យ៉ាងណា​ក៏​ដោយ តាំង​ពី​ការ​ប្រកួត​ជម្រុះ​តាម​ពូល រហូត​ដល់​​ពេលនេះ ក្រុមខេត្ត​ព្រៃវែង ធ្វើ​បាន​យ៉ាង​ល្អ មិន​ធ្លាប់​ចាញ់​នោះ​ទេ ហើយ​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ កន្លងមកនេះ ពួកគេ បាន​យក​ឈ្នះ​ក្រុមខេត្តកោះកុង ៥-១ និង ៣-០ ​ចំណែក​ក្រុម​ខេត្ត​សៀម​រាប បាន​ទម្លាក់ក្រុមខេត្តកណ្តាល ដោយការទាត់បាល់​ប៉េណាល់ទី​កាត់​សេចក្តី ៣-១ ព្រោះការ​ប្រកួតទាំង​២ជើងរបស់​ក្រុមទាំង​២​នេះ មាន​គ្រាប់បាល់​ស្មើគ្នា ៤-៤៕