អង់គ្លេស៖ ខ្សែ​ការ​ពារ Virgil van Dijk បាន​លើក​ដៃទទួល​ស្គាល់​ពីការ​ប្រព្រឹត្ត​កំហុស​របស់​ខ្លួន ដែល​បាន​ធ្វើ​ឲ្យ​ក្រុម Liverpool បាត់​បង់​ឱកាស​ក្នុង​ការ​បង្កើត​កំណត់ត្រា​ថ្មី​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលក្រុម Arsenal បាន​​វាយ​បក​តាម​ពីក្រោយ ដើម្បី​ផ្តួលក្រុម​ម្ចាស់​ជើង​ឯក​មួយនេះ ក្នុងលទ្ធ​ផល ២-១​​។

ការរង​បរា​ជ័យ​ជាលើក​ទី​៣​ក្នុង​ក្រប​ខ័ណ្ឌលីក​នៅ​រដូវ​កាល​នេះ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp មាន​ន័យ​ថា ក្រុម​ហង្សក្រហមមួយ​នេះ មិន​អាច​បំ​បែក​កំណត់ត្រា​នៃ​រក​បាន​១០០ពិន្ទុ​របស់ក្រុម Manchester City កាលពី​២​រដូវ​កាល​មុន​​ឡើយ​។ ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ជួយ​ឲ្យ​ក្រុម Liverpool រក​បាន​គ្រាប់​បាល់​​នាំ​មុខមុន ខណៈ​ដែលក្រុម​ភ្ញៀវ បាន​គ្រប់គ្រង​ការ​ប្រកួត​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​៣០​នាទី​ដំបូង នៅ​កីឡដ្ឋាន Emirates​។

ប៉ុន្តែ ការ​បញ្ជូន​បាល់​មិន​បាន​ល្អ​​របស់ Van Dijk បាន​អនុ​ញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ Alexandre Lacazette រក​បាន​គ្រាប់​​បាល់​តាមស្មើ​វិញ នៅមុន​ពេល​អ្នក​ចាំ​ទី Alisson Becker បាន​ប្រព្រឹត្ត​កំហុស​ដ៏​កម្រ​មួយ​ផ្សេង​ទៀត ដើម្បី​អនុ​ញ្ញាត​ឲ្យ Lacazette បញ្ជូន​បាល់​ទៅ​ឲ្យ Reiss Nelson ដើម្បី​​រក​បានគ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​តង់​ទី​១​។ Van Dijk បាន​ឲ្យ​ដឹងថា៖ «គ្រាប់​បាល់​ដែល​យើង​ផ្តល់​ឲ្យ​ពួកគេ​គឺ​ជា​កាដូមួយ​។ ប្រសិន​បើ​អ្នក​ផ្តល់​គ្រាប់​បាល់​ដូចដែលយើង​បាន​ធ្វើនៅ​ថ្ងៃ​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ខ្លួន​ខ្ញុំ​ដែរ អ្នក​​ទទួល​បាន​អ្វី​ដែល​អ្នក​ស័ក្តិ​នឹង​ទទួលបាន​»៕


ប្រភព​ព័ត៌​មាន៖ Channel News Asia