ក្រុម​ខេត្តកែប មិនអាច​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តត្បូងឃ្មុំ ទៅ​តាម​អ្វី​ដែល​​ពួក​គេបាន​រំពឹង​នោះទេ សម្រាប់​ការ​ប្រកួតជើងទី​១ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៤ (ថ្នាក់ខេត្ត) ឆ្នាំ​២០២០ កាល​ពី​ថ្ងៃពុធ ម្សិល​មិញ ចំណែក​ក្រុម​ខេត្តសៀម ពិតជា​បានជួប​ការបរាជ័យ ក្រោមស្នាដៃ​ក្រុម​ខេត្ត​ព្រៃវែង ដូច​អ្វី​ដែល​ពួក​គេ​បាន​បារម្ភមែន។

នៅ​មុនការ​ប្រកួតចាប់ផ្តើម លោក ស សុរ៉ា គ្រូ​បង្វឹក​ក្រុមខេត្តកែប បាន​បង្ហាញ​ការ​ជឿជាក់ថា ក្រុម​របស់​លោក អាច​មាន​ក្តី​សង្ឃឹម​ដល់​៨០​ភាគ​រយ ក្នុងការ​ដណ្តើម​បាន​ជ័យជម្នះ​ពី​ក្រុម​ម្ចាស់​ផ្ទះ ខេត្តត្បូងឃ្មុំ ព្រោះ​លោក​បាន​មើល​ឃើញ​ថា ខេត្តត្បូងឃ្មុំ មិន​មានទម្រង់​លេងល្អប៉ុនា្មនទេ។

ប៉ុន្តែ​តាមរយៈ​ការ​ប្រកួតជាក់ស្តែង នៅ​កីឡដ្ឋាន​វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន​មេមត់ កាល​​ពី​ម្សិល​មិញ​នោះ ​អតីតក្រុម​ម្ចាស់​ជើងឯកថ្នាក់​ខេត្ត​ឆ្នាំ​២០១៩ ខេត្តត្បូងឃ្មុំ បាន​​រក​គ្រាប់នាំមុខ​ ២-០ ដោយ​ប្រើ​ពេលត្រឹម​២៨នាទី ដោយក្នុង​នោះ​កីឡាករ​ពាក់លេខ​៧២ វ៉ាហេត ហាំហ្វា រក​បាន​គ្រាប់បាល់​បើក​ឆាក នៅនាទី១៣ ហើយ យូ សុះហ្វា បាន​បន្ថែម​១​គ្រាប់ទៀត នៅនាទីទី​២៨។

ជាមួយការ​នាំ​មុខ​នេះ ​ក្រុមខេត្តកែប បាន​ព្យាយាម​វាយបក​វិញ​យ៉ាងខ្លាំង ហើយ​ការ​ធ្វើ​ឲ្យ​កីឡាករ ជឿន ណាចារ ដួល​នៅ​ក្នុងតំបន់គ្រោះ​ថ្នាក់ ពី​ដំណាក់ខ្សែ​ការពារ សា អារី នាំ​ឲ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ទៅ​ឲ្យក្រុម​ខេត្តកែប ហើយ​ប្រធាន​ក្រុម សុខ ភារម្យ ជាអ្នកស៊ុតបានសម្រេច នៅនាទីទី​៤៥។

យ៉ាង​ណា​ក៏ដោយ ការ​ចាញ់​ក្រុម​ខេត្តត្បូងឃ្មុំ ២-១ នៅ​ក្រៅ​ទឹក​ដីនេះ វា​នៅមិនទាន់​ធ្វើ​ឲ្យ​ក្រុមខេត្តកែប អស់​ក្តី​រំពឹង​នៅ​ឡើយ​ទេ ព្រោះពួកគេ នៅ​សល់​រយៈពេល​៩០នាទី​ទៀត ដើម្បី​វាយ​បក​ទៅ​លើ​ក្រុម​ខេត្តត្បូងឃ្មុំ គឺ​ការ​ប្រកួតជើងទី​២ កាត់សេចក្តី ដែលត្រូវធ្វើ​នៅ​លើទឹកដីក្រុមខេត្តកែប វិញ។

ចំណែក​ក្រុម​ខេត្ត​សៀម​រាប ពិតជា​បានជួប​រឿងមិនសប្បាយ​ចិត្ត ដូច​ទៅ​នឹង​អ្វី​ដែលអ្នក​ចាត់ការទូទៅ​ក្រុម លោក ជួន សុខវ៉ាន់ឌី ​បាន​លើក​ឡើង​មុនការ​ប្រកួត​មែន ព្រោះ​លោក​បាន​មើល​ឃើញ​ថា ក្រុម​របស់​លោក មាន​ទម្រង់លេង​នៅ​ក្រោម​ក្រុម​យុវជនវិសាខា ដែល​លេង​តំណាង​ឲ្យខេត្ត​ព្រៃ​វែង។

តាម​រយៈការ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀម​រាប កាល​ពី​ថ្ងៃពុធ​នោះ ក្រុម​ខេត្តសៀម​រាប បាន​ព្យាយាម​លេងទប់បានយ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យការ​ប្រកួត​តង់ទី​១ បានបញ្ចប់​ទៅ​ដោយ​គ្មានលទ្ធផល ០-០ ប៉ុន្តែ​ឈាន​ចូល​តង់ទី​២ ខ្សែ​ប្រយុទ្ធ គី រីណា និង វុធ តុលា បាន​ស៊ុត​ទម្លុះ​សំណាញ់ទី​បាន​ម្នាក់​១​គ្រាប់ នៅនាទីទី​៧២ និងទី​៧៦ ដើម្បី​ជួយ​ឲ្យក្រុមខេត្តព្រៃ​វែង ឈ្នះ ២-០ យ៉ាង​រំភើប ហើយ​ជ័យជម្នះនេះ វា​នឹងធ្វើ​ឲ្យ​ពួក​គេ កាន់តែមាន​កម្លាំង​ចិត្ត ក្នុង​​ការ​ត្រៀមខ្លួន​ស្វាគមន៍ ក្រុមខេត្តសៀមរាប សម្រាប់ការ​ប្រកួតជើងទី​២ នៅ​លើទឹក​ដី​របស់​ពួកគេ​វិញ៕