ស្រប​ពេល​ដែលក្រុម​ខ្លាំង កំពុង​ឈរ​នៅកំពូល​តារាងនៃ​​លីកកំពូល​កម្ពុជា គឺ ព្រះខ័ន​រាជ​ស្វាយរៀង ដល់​វេន​ត្រូវឈប់សម្រាក​បំប៉ន​កម្លាំង នៅសប្តាហ៍នេះ ​ក្រុម​លេខ​២ ភ្នំពេញក្រោន ព្រមទាំង​ក្រុម​វិសាខា និងណាហ្គាវើល សុទ្ធតែនឹង​អាចជួប​ភាពសប្បាយ​រីក​រាយ ចំពោះការប្រកួត​របស់​ពួកគេ នៅ​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ប៉ុន្តែ បឹងកេត និង អង្គរថាយហ្គឺរ អាច​នឹងប្រឈម​ការ​លំបាក​ច្រើន។

​ក្រុម​ភ្នំពេញ​ក្រោន ដែល​ទើប​ស្មើ ១-១ ជាមួយ​ក្រុម​ណាហ្គាវើល កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នឹង​អាច​​រក​បាន​៣ពិន្ទុបន្ថែម សម្រាប់ការ​ប្រកួត​លើក​នេះ ដើម្បី​ពង្រឹង​ទី​តាំង​លេខ​២​របស់ខ្លួន ព្រោះ​ពួកគេ ត្រូវ​ជួបជាមួយក្រុមឈរ​នៅបាត​តារាង នគរ​បាលជាតិ។

បើទោះ​បីជា ក្រុម​នគរ​បាលជាតិ នៅ​ពេលនេះ ​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ជើងចាស់ ធ្លាប់មានស្នាដៃ ប្រាក់ សុវណ្ណារ៉ា ប៉ុន្តែ៦​ប្រកួតកន្លង​មកនេះ នគរបាលជាតិ បានចាញ់​ទាំង​៦​លើក នឹង​កំពុងឈរ​នៅបាត​តារាង។ ជាមួយ​គ្នា​នេះ លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​លោកឡើង​ថា លោក​នឹងកែ​ប្រែ​ចំណុច​ខ្វះ​ខាត ពេល​ស្មើជាមួយណាហ្គាវើល ជាពិសេស​តំបន់ប្រយុទ្ធ ដើម្បីយក​ឈ្នះ​ក្រុមនគរបាលជាតិ លើកនេះ។

ស្រដៀងគ្នា​នេះ ក្រុមវិសាខា ដែល​ឈរ​នៅ​លេខ​៤ ក៏​អាច​នឹង​ដណ្តើម​បាន​៣ពិន្ទុ​ផងដែរ ព្រោះ​លើកនេះ ពួកគេ​ត្រូវ​ជួបក្រុម​ខ្ចី​បទពិសោធ យុវជនបាល់​ទាត់​​ជាតិបាទី ដែលអាច​នឹង​យក​ឈ្នះបាន ចំណែកណាហ្គាវើល ដែល​កំពុង​ឈរ​នៅ​លេខ​៦ ក៏នឹង​អាច​ដណ្តើម​បាន​៣ពិន្ទុ​ដូច​គ្នា ដ្បិតអី​ពួក​គេ ត្រូវ​ជួបក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនី​កម្ពុជា ដែល​ទើបឈ្នះ​១​ប្រកួត​ទេ។

ផ្ទុយ​ពី​នេះ ក្រុម​បឹងកេត ដែល​កំពុង​ឈរ​នៅ​លេខ​៣ នឹង​ត្រូវ​ប្រឈម​ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​មួយ ខណៈ​ពួកគេ ត្រូវ​ជួបក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) ​នោះ ព្រោះ​ក្រុមទ័ព ក៏​ត្រូវការ​ឈ្នះ ដាច់​ខាត ដើម្បីបាន​ឡើងមក​ឈរនៅតំបន់ Top6  ដែល​អាចមាន​សិទ្ធ​ប្រកួត​ដណ្តើម​ជើង​ឯក នៅ​ជើង​ទី​២ ផងដែរ។ រីឯ ក្រុម​ឈរ​នៅ​លេខ​៥ អង្គរថាយហ្គឺរ ក៏​ហាក់​មិនទាន់ប្រាកដ ក្នុងការ​​ដណ្តើម​​៣ពិន្ទុ ពី​ក្រុមម្ចាស់ផ្ទះ​អាស៊ីអឺរ៉ុប ដូច​គ្នា​ ព្រោះ​សុទ្ធតែ​ជា​ការ​ប្រកួត​តាន​តឹង៕