អេស្ប៉ាញ៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​អំពាវ​នាវ​ឲ្យ​មានការផ្លាស់ប្តូរ ក្រោយពី​ក្រុម Barcelona បាន​បាត់​បង់​ពិន្ទុ​ពាន La Liga ក្រោមស្នា​ដៃក្រុម Real Madrid កាលពីថ្ងៃព្រហស្បតិ៍ តាម​រយៈ​ការ​តឿន​រំឭកថា ក្រុម​របស់​គេ​នឹង​រង​បរា​ជ័យ​ក្នុងក្រប​ខ័ណ្ឌ Champions League ប្រសិន​បើ​ពួកគេ​មិន​អាច​បងកើន​កម្រិត​លេង​ឲ្យ​ល្អ​ប្រសើរ​ទេ​នោះ​។

ការ​ប្រជែង​ដណ្តើម​ពាន​របស់​ក្រុម Barcelona បាន​​បញ្ចប់​ទាំង​ការ​ខក​ចិត្ត នៅកីឡដ្ឋាន Camp Nou ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ កោមស្នា​ដៃក្រុម Osasuna ស្រប​ពេល​ដែលក្រុម Real Madrid បាន​យកឈ្នះ​លើក្រុម Villarreal ២-១ លើ​ទឹកដីខ្លួន​ឯង ដើម្បី​លើក​ពាន​ក្រប​ខ័ណ្ឌ​របស់​អេ​ស្ប៉ាញ​។ ការរង​បរា​ជ័យ​មួយ​នេះ បាន​បង្កើន​សម្ពាធមួយ​កម្រិត​ទៀត​លើ​លោក​គ្រូបង្វឹក Quique Setien ដែល​បាន​ចូលកាន់​តំណែង កាលពី​ខែ​មករា ក្នុង​ពេល​ដែល​ក្រុម Barcelona កំពុង​តែ​ឈរ​លើ​កំពូល​តារាង​​។

លោក Josep Maria Bartomeu ដែល​ជា​ប្រធាន​ក្លិប បាន​បញ្ជាក់​ថា លោក Setien នឹង​នៅ​តែ​បន្ត​ដឹកនាំក្រុម សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League នៅ​ខែក្រោយ ដែលនៅ​ពេលនោះ ក្រុម Barca នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​នៅលើ​ទឹកដីខ្លួន​ឯង​ជាមួយ​នឹងក្រុម Napoli ក្រោយ​ពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ កាល​ពី​ជើង​ទី​១​។ ក្រោយ​ពី​ការ​រង​បរា​ជ័យ​​ក្រោមស្នា​ដៃក្រុម Osasuna កីឡាករ Messi បាន​ឲ្យ​ដឹង​ថា៖ «អារម្មណ៍​របស់​ក្រុម​គឺ​ថា យើង​ព្យា​យាម ប៉ុន្តែ មិន​អាច​ធ្វើ​បាន យើង​ធ្វើ​បាន​យ៉ាងល្អ​នៅ​តំបន់​ជាច្រើន ហើយ​នៅ​ថ្ងៃ​នេះ ក្នុង​តង់​ទី​១ ខ្ញុំ​គិត​ថា ពួក​គេ​ធ្វើ​បានល្អ​ប្រសើរ​ជាង​យើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia