ក្រុមបឹងកេត នឹងបើកកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដើម្បីស្វាគមន៍ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះ ហើយនេះជាការប្រកួតដ៏ធំជាងគេប្រចាំសប្តាហ៍នេះ ហើយក៏ជាជំនួបដ៏សំខាន់ ដែលក្រុមទាំង២ ត្រូវការឈ្នះ ដើម្បីធ្វើឲ្យចំណាត់ថ្នាក់របស់ខ្លួន កាន់តែល្អប្រសើរផងដែរ។
តាមរយៈការប្រកួតចំនួន៧សប្តាហ៍កន្លងមកនេះ ក្រុមបឹងកេត ធ្វើបានល្អជាង ក្រុមទ័ព ដោយ៦ប្រកួតរបស់ពួកគេ ឈ្នះបាន៣ ស្មើ២ និងកំពុងឈរនៅលេខ៣ ដោយមាន១៤ពិន្ទុ ក្រោមក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ដែលមាន១៩ពិន្ទុ និងក្រុមលេខ២ ភ្នំពេញក្រោន ដែមាន១៥ពិន្ទុ ប៉ុន្តែ ទ័ព ដែលបានប្រកួតបាន៧លើកទៅហើយនោះ គឺមានត្រឹម១១ពិន្ទុ និងធ្លាក់ទៅឈរនៅលេខ៧។
ចំណែក ការប្រកួតលើកនេះ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព ហាក់មិនរំពឹង ថា អាចយកឈ្នះក្រុមបឹងកេត នោះទេ។ លោក បាននិយាយថា៖ «ការរៀបចំ និងការប្រឹងប្រែងរបស់យើង គឺយើងតែងតែចង់ឈ្នះ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា គុណភាពកីឡាករយើង នៅក្រោមគេ ហើយម្យ៉ាងទៀត ការប្រកួតនេះ ត្រូវធ្វើនៅលើទឹករបស់ក្រុមបឹងកេត ទៅទៀត អ៊ីចឹងវាមានផលលំបាកច្រើនចំពោះយើង»។
បើទោះបីជា លោក ទេព ឡុងរចនា បានឲ្យតម្លៃខ្ពស់ទៅលើក្រុមបឹងកេត ថា ជាក្រុមដែលមានធនធានកីឡាករល្អ ជាងក្រុមរបស់លោកក្តី ប៉ុន្តែគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបឹងកេត លោក គីម ភក្តី មិនបានចាត់ទុកការប្រកួតនេះ វាមានភាពងាយស្រួល ហើយក្រុមលោក ប្រាកដជាឈ្នះនោះទេ។
លោក គីម ភក្តី បាននិយាយថា៖«យើងហ្វឹកហាត់ត្រៀមទាំងការរក្សាទាំងគុណភាពកម្លាំង កាយសប្បទា និងបច្ចេកទេស សម្រាប់ត្រៀមការប្រកួតនេះ ព្រោះទ័ព ជាក្រុមមួយ ដែលប្រើកម្លាំងខ្លាំង អ៊ីចឹងយើងត្រូវតែលេងដោយការប្រុងប្រយ័ត្នខ្ពស់»។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖«យើងមានសង្ឃឹម តែមិនមែនសង្ឃឹមដល់៦០ទៅ៧០ភាគរយនោះទេ ព្រោះនេះជាការប្រកួតគ្នា ដែលយើងត្រូវតែខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ហើយវាក៏ជាការប្រកួតដ៏ចាំបាច់ ដែលយើងត្រូវប្រយ័ត្នប្រជែង ដើម្បីរកជ័យជម្នះ និងធ្វើឲ្យកម្រិតចំណាត់ថ្នាក់របស់យើង កាន់តែប្រសើរ»៕