ប្រទេសអុីតាលី៖ ក្រុម Inter Milan បាន​យកឈ្នះ​លើក្រុម Napoli យ៉ាង​ងាយ​ក្នុងលទ្ធ​ផល ២-០ ដើម្បី​រក្សា​តំណែងលេខ​២ នៅ​លើ​តារាងក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អង្គារ ពី​លើ​ក្រុម Atalanta ដែល​នៅមុន​នេះ បាន​វាយ​បក​ផ្តួលក្រុម Parma ក្នុង​លទ្ធ​ផល ២-១​។

ក្រុម Juventus បាន​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌលីក​ជាលើក​ទី​៩​ជាប់​ៗ​គ្នា​របស់​ពួកគេ​រួច​ជាស្រេច ប៉ុន្តែ ក្រុម​ចំនួន​​៣ កំពុង​តែ​ប្រជែងដ​ណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​២ ដែល​រួម​មាន​ក្រុម Inter Milan, Atalanta និង Lazio ខណៈ​ដែល​ការ​ប្រជែង​​របស់​ពួកគេ​​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃការ​ប្រកួត​​នៅ​អ៊ី​តាលី​។ ក្រុម Inter របស់​លោក Antonio Conte បាន​​នាំ​មុខ​១ពិន្ទុ​លើក្រុម Atalanta ខណៈ​ដែល​ក្រុម​ទាំង​២ នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ប្រកួត​របស់​ពួកគេនៅ​រដូវ​កាលនេះ នា​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍នេះ​​។ Lazio ដែល​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹងក្រុម Brescia នៅ​រាត្រីនេះ ខណៈ​ដែលក្រុម​របស់​​លោក Simone Inzaghi ក៏នៅ​តែមាន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​យក​លេខ​២​ផងដែរ ដោយ​ពួ​ក​គេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Napoli ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ នៅ​ចុងសប្តាហ៍​នេះ​។

កីឡាករ Danilo D’Ambrosio បាន​ជួយ​ឲ្យ​ក្រុម Inter រក​បាន​គ្រាប់​បាល់​នាំមុខ​មុន ក្រោយពី​លេង​បាន​១១​នាទី នៅកីឡដ្ឋាន San Siro នៅ​មុន​ពេល Lautaro Martinez បាន​បន្ថែម​១​គ្រាប់​ទៀត ក្នុង​រយៈពេល​១៥នាទី​ចុងក្រោយ នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​ឈរ​លេខ​៧ Napoli​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia