គ្រូ​បង្វឹក​​ក្រុមខេត្តត្បូងឃ្មុំ លោក ផន រស្មីពេជ្រ បានអះអាងថា ក្រុម​របស់​លោក នឹង​លេង​ដោយគ្មានសម្ពាធ​អ្វី​ទាំង​អស់ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើកទី​១៤ ឆ្នាំ​២០២០ នៅពហុកីឡដ្ឋាន​ជាតិ នា​ល្ងាចម៉ោង​៦ ​ថ្ងៃ​ពុធនេះ បើទោះ​បីជា​ជំនួបដ៏សំខាន់នេះ ពួកគេ ត្រូវ​វិល​មក​ជួប​ក្រុម​យុវជន​ក្លិប​វិសាខា ដែល​លេង​តំណាង​ឲ្យ​ខេត្តព្រៃវែង ក៏​ដោយ។​

បើទោះ​បីជា ក្រុម​យុវជនក្លិប​វិសាខា ​បាន​លត់​ក្រុមខេត្តសៀម​រាប យ៉ាងចាស់​ដៃ ក្នុងការ​ប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ តាម​រយៈ​ការ​ឈ្នះ ២-០ នៅ​ក្រៅ​ទឹក​ដី និង​លត់ ៧-០ បន្ថែម នៅ​ជើង​ទី​២ ក្នុងការ​ប្រកួត​ក្នុងទឹក​ដី ប៉ុន្តែ លោក ផន រស្មីពេជ្រ គ្រូ​បង្វឹក​ក្រុម​ត្បូងឃ្មុំ បាន​មើល​ឃើញ​ថា យុវជន​ក្លិប​វិសាខា មាន​សមត្ថ​ភាព​លេង មិនលើសខ្វះជា​មួយ​ក្រុម​លោកប៉ុន្មានទេ។

លោក ផន រស្មីពេជ្រ  បាន​​និយាយ​ក្នុងសន្និសីទ​កាសែត កាល​ពី​ថ្ងៃអង្គារ​ថា៖ ​«ក្រុម​យើង បានត្រៀម​ខ្លួន​រួច​រាល់អស់ហើយ ហើយខ្ញុំ​គិតថា ការ​ប្រកួត​នេះ យើង​អត់មានសម្ពាធ​អ្វីទេ ​ឆន្ទៈ​របស់​ពួកយើង គឺ​ចង់​ឈ្នះ ព្រោះ​មុននឹង​មកទីនេះ យើងបាន​រៀបចំ និង​ប្រជុំបច្ចេក​ទេស ដោយមានការ​លើកទឹកចិត្ត​ពី​ឯកឧត្តម​អភិបាលខេត្តត្បូងឃ្មុំ ទៀត​ផង អ៊ីចឹង​ពួកខ្ញុំ​ នឹង​ប្រឹង​លេង​ឲ្យ​ឈ្នះ»។

លោក ផន រស្មីពេជ្រ បាន​បន្ថែម​ថា៖​ «​ស្ថាន​ភាព​កីឡាករ​របស់ខ្ញុំ អត់​ជា​បញ្ហាចោទ​អ្វីទេ សុខភាព​ធម្មតា អត់​មានកីឡាករ​របួស​ទេ អ៊ីចឹង​​យើង​អត់​មាន​សម្ពាធ​ក្នុងការ​ប្រកួតនោះ​ទេ។ ទោះ​ក្រុម​ខេត្តព្រៃវែង ជា​យុវជន​របស់​ក្លិបវិសាខា តែ​ពួក​យើង ធ្លាប់ជួបពួកគាត់​២​លើក​មក​ហើយ ហើយ​សមត្ថ​ភាព​មើលទៅ​មិនលើស​ខ្វះគ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​ការ​ប្រកួត​នេះ អាច​មាន​ភាពតានតឹងខ្លាំង»។

ការ​មិន​ខ្លាច​ញញើត ចំពោះ​ការ​ប្រឈមមុខជាមួយ​ក្រុម​យុវជន​ក្លិប​វិសាខា នៅ​ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏​ព្រោះ​ថា ​ការ​ជួបគ្នា​២​លើក​ ក្នុង​វគ្គ​ជម្រុះតាមពូល កន្លង​មកនេះ ខេត្តត្បូងឃ្មុំ និង ខេត្ត​ព្រៃ​វែង បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​គ្នា​ទាំង​២​ជើង គឺ​ជើងទី​១ ស្មើ​គ្នា​ ០-០ ក្នុងទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ហើយ​​ជើងទី​២ ​ស្មើគ្នា ២-២ នៅទឹក​ដី​ខេត្ត​ព្រៃ​វែង ខណៈ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កន្លង​មកនេះ ក្រុមខេត្តត្បូងឃ្មុំ ​បាន​ទម្លាក់ក្រុមខេត្តកែប ជាមួយការ​ឈ្នះ ២-១ និងបន្ត​ឈ្នះ ៣-១ នៅជើងទី​២។

ចំណែក​គ្រូ​បង្វឹក​ក្រុមយុវជន​វិសាខា លោក Matthew Sinclair បាន​និយាយ​ថា៖​«​វាជមោទនភាព​សម្រាប់ក្រុម​យុវជន​របស់​យើង ដែល​បាន​លេងតំណាង​ឲ្យខេត្ត​ព្រៃវែង នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏សំខាន់នេះ ព្រោះ​យើង​ចង់​បង្ហាញ​ពី​គុណ​ភាព​កីឡាករ​វ័យក្មេង​របស់​យើងព គឺ​ពួកគាត់ក្មេង​មែន តែពួកគាត់អាច​ធ្វើ​បាន»។

លោក Matthew Sinclair បាន​បន្ថែម​ថា៖«ចំណែក​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ វាជា​ជំនួប​ដ៏សំខាន់ និងជា​ឱកាស​សម្រាប់​​ពួកគាត់ ​ត្រូវ​បង្ហាញសមត្ថ​ភាព​នៅលើទីលាន ប៉ុន្តែ​ដោសារ​​លើកនេះ យើង​លេងនៅ​លើ​ទី​លាន​សិប្បនិម្មិត ដែល​ប្លែកពី​ការជួប​គ្នា​២​លើក​កន្លង​មក​នេះ អ៊ីចឹង​វាអាចជា​ផល​ពិបាកមួយ សម្រាប់ខ្ញុំ ក៏ដូចជា​កូនក្រុម​របស់យើងផងដែរ ហេតុនេះ​ទើប​យើង​បានត្រៀមខ្លួន និងព្យាយាម​រៀបចំ​ ដោយ​​តាំង​ចិត្ត ខំ​ប្រឹង​ធ្វើឲ្យបាន​ល្អ»៕