ក្រុម​យុវជន​ក្លិប​វិសាខា ដែល​លេងតំណាង​ឲ្យ​ខេត្ត​ព្រៃ​វែង បាន​រក​ជ័យជម្នះ​ដ៏​ធំ​មួយ ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់ពួក​គេ គឺ​ការ​យក​ឈ្នះក្រុម​ខេត្តត្បូងឃ្មុំ ត្រឹម ១-០ នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដើម្បី​លើក​ពាន ការ​ប្រកួតថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេចហ៊ុនសែន ឆ្នាំ​២០២០ កាលពី​យប់​មិញ ខណៈ​ក្រុមខេត្តកែប បាន​ទទួល​ចំណាត់ថ្នាក់លេខ​៣ ក្រោយឈ្នះ​ក្រុម​ខេត្ត​សៀម​រាប ៣-០ កាលពី​​ថ្ងៃពុធ​នោះ​ដែរ។

សម្រាប់​ការ​ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃអាទិត្យ​នោះ ​ខ្សែ​ប្រយុទ្ធ វុធ តុលា ជា​អ្នក​រក​បាន​គ្រាប់បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ខេត្ត​ព្រែវែង តាម​រយៈការ​ស៊ុតបាល់​បញ្ចូល​ទីយ៉ាង​ល្អ​របស់​គេ នៅនាទីទី​៤៨ ហើយ​គ្រាប់បាល់​នេះ បានជួយ​ឲ្យក្រុមខេត្ត​ព្រៃវែង បង្កើតបាន​នូវកំណត់ត្រា​ថ្មី គឺ​ការ​ក្លាយជា​ម្ចាស់​ជើង​ឯកថ្នាក់​ខេត្ត ពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ឆ្នាំ​២០២០​នេះ អម​ជាមួយ​ប្រាក់រង្វាន់​១៥​លាន​រៀល។

បន្ថែម​លើនេះ ក្រុម​ខេត្ត​ព្រែវែង ក៏​ក្រសោបបាន​ពាន​ចំនួន​២​ទៀត​ផងដែរ គឺ​ពាន​រង្វាន់អ្នក​ចាំទី​ល្អ ដែល​បាន​ទៅ​លើ​អ្នកចាំទី​ពាក់លេខ​២២ វីរៈ ដារ៉ា ព្រោះ​នៅ​ក្នុងការ​ប្រកួតនេះ ដារ៉ា បានជួយ​សង្រ្គោះ​បាល់​បានជា​ច្រើន​គ្រាប់ ពី​ការ​ស៊ុត​របស់ក្រុម​ខេត្តត្បូងឃ្មុំ ចំណែក​ពាន១​ទៀត​គឺ​ពាន​​គ្រូ​បង្វឹកល្អ ដែលបាន​ទៅគ្រូ​បង្វឹក​ក្រុម​ខេត្តព្រៃវែង​លោក Matthew Sinclair ហើយ​អ្នកទាំង​២​នេះ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១,៥​លាន​រៀល​ដូចគ្នា។

ចំណែក​ក្រុម​ខេត្តត្បូងឃ្មុំ ដែល​ទទួល​​ប្រាក់រង្វាន់​ចំនួន​៧,៥​លាន​រៀល ចំពោះ​ការ​ទទួល​បាន​លេខ​២​របស់ពួកគេ ប៉ុន្តែ​នីៅ​ក្រោយ​ការ​ចាញ់​ក្រុម​ខេត្តព្រៃវែង ១-០ នៅវគ្គ​ផ្តាច់ព្រ័ត្រ​នេះ លោក ផន រស្មីពេជ្រ បាន​សម្រេច​លាឈប់​ពី​គ្រូបង្វឹក ហើយការ​សម្រេច​នេះ ត្រូវបាន​លោក​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ការ​លាឈប់នេះ ដើម្បី​ជាការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​មិនអាច​ជួយ​ឲ្យក្រុម​ខេត្តត្បូង​ឃ្មុំ ទទួល​បាន​ជើង​ឯក​ថ្នាក់​ខេត្ត ដូច​កាល​ពី​ឆ្នាំ​២០១៩។

ដោយ​ឡែក​ក្រុម​ខេត្តកែប បាន​យក​ឈ្នះក្រុម​ខេត្ត​សៀម​រាប ៣-០ ដើម្បី​ទទួលបានចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​ឆ្នាំ​២០២០​នេះ អមជាមួយ​ប្រាក់រង្វាន់​៥លាន​រៀល ហើយនេះជា​លទ្ធផល​ដ៏​ល្អ​ចំពោះ​ក្រុម​ខេត្តកែប  ព្រោះ​ការចូល​រួម​កន្លង​មក ខេត្តកែប បាន​ធ្លាក់តាំង​ពី​វគ្គ​៨បក្រុមចុងក្រោយ។ ជាមួយ​គ្នា​នេះ​ខ្សែ​ប្រយុទ្ធ​ជា​ប្រធាន​ក្រុម ទេព សើហ្វីអ៊ី របស់​ខេត្តកែប បាន​ឈ្នះ​ពាន​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូលទី​បាន​ច្រើនជាង​គេ (១២​គ្រាប់) នៅ​ក្នុងការ​ប្រកួត​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​នេះ ហើយ សើហ្វីអ៊ី បាន​ទទួល​ប្រាក់រង្វាន់​ចំនួន​១,៥​លាន​រៀល៕