ក្លិប​បាល់​ទាត់​ចំនួន​២ ដែល​កំពុង​ប្រកបអាជីព​នៅ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ គឺ ក្លិប​កងយោធពលខេមរភូមិន្ទ និង​អាស៊ីអឺរ៉ុបយូណាយធីត កំពុងតែ​ប្រកាស​ស្វែង​រក​ក្រុម​​យុវជន មាន​សមត្ថ​ភាព និងទេព​កោសល្យ ដែល​មាន​អាយុចន្លោះ​​ពី​ក្រោម​១៥​ឆ្នាំ រហូត​ដល់​​ក្រោ​ម​អាយុ​១៨​ឆ្នាំ ​យក​មក​បណ្តុះ​បណ្តាល ដើម្បី​ឲ្យពួកគេ មានឱកាស​ក្លាយទៅ​​ជា​កីឡាករ​អាជីព នា​ពេល​អនាគត។

តាម​សេចក្តីប្រកាស ដែល​បាន​បង្ហោះ​នៅ​ផេច​ហ្វេស​ប៊ុក​របស់ក្លិប​អាស៊ី​អឺរ៉ុបយូណាយ​ធីត បាន​ឲ្យដឹង​ថា ក្លិប ដែល​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​៩ នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ មួយនេះ ត្រូវ​បាន​ជ្រើស​រើស​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​អាយុ​ក្រោម​១៦​ឆ្នាំ ដើម្បី​ចូល​ហ្វឹក​ហាត់ ដោយមាន​ក្របខ័ណ្ឌ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុងសេចក្តី​ប្រកាស​នៅ អាស៊ីអឺរ៉ុបយូណាយ​ធីត បានផ្តោត​ខ្លាំង​ទៅ​លើ​យុវជន ដែល​មាន​ឧបនិស្ស័យ​លើវិស័យបាល់​ទាត់ ហើយ​​ការ​ជ្រើសរើស​នេះ យក​តែ​អ្នក​មាន​ទី​លំនៅ​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ និង​ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ដោយ​ក្នុងជ្រើសរើស​នេះ យកទាំង​ខ្សែ​ការពារ ខ្សែ​បម្រើ និងខ្សែ​ប្រយុទ្ធ។

ដោយ​ឡែក​ក្លិប​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ​ជ្រើសរើស​យក​តែ​យុវជន ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែល​​​កើត​នៅ​ក្នុងឆ្នាំ​០០៥ និង​ឆ្នាំ​២០០៧​ទេ សម្រាប់​ចូលហ្វឹក​ហាត់​ជា​ក្រុម​យុវជន​ថ្នាល​របស់ខ្លួន ហើយកំណត់យក​តែ​ប្អូនៗ ដែល​រស់នៅ​ក្នុងរាជធានីភ្នំពេញ​ប៉ុណ្ណោះ។

តាម​សេចក្តី​ប្រកាស​របស់​ក្លិប​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ឈរ​នៅលេខ​៦ នៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ការ​បើក​វគ្គ​ធ្វើ​តេស្ត​រក​យុវជនមាន​អាយុ​ក្រោម​១៥​ឆ្នាំ​នេះ នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​កីឡដ្ឋាន​ស្តាតចាស់ នា​ថ្ងៃទី​១ ខែសីហា ខាងមុខ​នេះ ចាប់​ពី​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក ហើយប្អូនៗ ដែល​មក​ធ្វើ​តេស្ត ត្រូវ​ស្លៀកពាក់ជា​ឈុត​កីឡា ខណៈ​ការ​ធ្វើ​តេស្តនេះ មិន​មានការ​បង់ប្រាក់នោះ​ទេ តែ​អ្នក​ជាប់ នឹង​អាច​ក្លាយ​ទៅ​ជា​កីឡាករអាជីព នា​ពេលអនាគត៕