ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង និង​បឹង​កេត សុទ្ធតែ​បាន​វាយ​បក​ផ្តួល​គូ​ប្រកួត ដើម្បី​រក្សាភាព​ខ្លាំង និងបន្តឈរ​នៅ​លេខ​រៀងទី​១ និង​ទី​២ ប៉ុន្តែ​ក្រុម​ភ្នំពេញ​ក្រោន បាន​ជួប​ភាព​ហ្មងសៅ ជា​ថ្មី​ម្តង​ទៀត នឹង​បាន​ធ្លាក់​ចេញ​ពី​តំបន់ Top4 ផ្ទុយ​ពី​នេះ ​ណាហ្គាវើល បាន​រំកឹល​ឡើង​មក​ឈរ​នៅ​លេខ​៣​ដ៏​គួរឲ្យកត់​សម្គាល់។

សម្រាប់​ការ​ប្រកួត​ដ៏ធំ​ប្រចាំ​សប្តាហ៍​ទី​១០ កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញនេះ ក្រុម​ម្ចាស់​ផ្ទះ ព្រះ​ខ័​ន​រាជស្វាយ​រៀង បាន​ជួបសម្ពាធ​ខ្លាំង នៅ​ពេល​ខ្សែ​ប្រយុទ្ធ Mihaljevic Filip បាន​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច ដើម្បី​ជួយ​ឲ្យក្រុ​ម​ភ្ញៀវ វិសាខា នាំ​មុខ​មុន នៅ​ត្រឹម​នាទីទី​៣៨​នោះ។ ប៉ុន្តែ​ឈាន​ចូល​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ Privat រក​បាន​គ្រាប់បាល់​តាម​ស្មើ​ឲ្យក្រុមស្វាយរៀង វិញ នៅនាទីទី​៧៤ មុន​ពេល​កីឡាករ​ជប៉ុន Kobayashi Daisuke ​បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៧៨។

យ៉ាង​ណា​ក៏​ដោយ  Mihaljevic Filip បាន​ជួយ​ឲ្យ​ក្រុម​វិសាខា តាម​ស្មើ ២-២ វិញ នៅនាទីទី​៨៣ ប៉ុន្តែ Privat ​រក​បាន​គ្រាប់បាល់​ពិឃាត​ទី​២​របស់​គេ នៅនាទីទី​៨៨ ដើម្បី​ជួយ​ឲ្យក្រុមស្វាយរៀង ឈ្នះ វិសាខា ៣-២ យ៉ាងតានតឹង​បំផុត ហើយ​លទ្ធផល​នេះ បានធ្វើ​ឲ្យ ស្វាយរៀង នៅតែ​អាច​ការពារ​ទីតាំងកំពូល​របស់​ខ្លួន ពី​ការដណ្តើម​យក​របស់​ក្រុម​បឹងកេត បាន​​យ៉ាង​ជោគ​ជ័យ។

សម្រាប់​ការ​ប្រកួត ក្នុង​ថ្ងៃអាទិត្យ​ជាមួយ​គ្នា​នោះ ក្រុមបឹង​កេត ​ក៏​បានវាយ​បក​យកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា យ៉ាង​រំភើប​ផងដែរ ព្រោះ​បឹង​កេត ចាញ់ អគ្គិសនី​កម្ពុជា ២-១ នៅ​តង់ទី​១ ប៉ុន្តែ​នៅ​តង់ទី​២ ពួកគេ​រក​បាន​៣គ្រាប់​បន្ថែម​ទៀត ដើម្បី​យក​ឈ្នះ ៤-២ ហើយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ រក​បាន​៣​គ្រាប់តែ​ម្នាក់​ឯង ខណៈ​១​គ្រាប់​ទៀត ជា​ការ​ស៊ុត​បញ្ជូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​វ័យក្មេង សៀន ចន្ធា។

ផ្ទុយ​ពី​នេះ​ក្រុម​ភ្នំពេញ​ក្រោន បាន​ជួបការ​ខក​ចិត្តខ្លាំង ខណៈ​ពួក​គេ​បាន​​ត្រឹម ២-២ ជាមួយ​ក្រុមសូល​ទី​ឡូអង្គរ នៅ​ក្នុងទឹក​ដី​ខ្លួនឯង​នោះ ហើយការ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ បាន​រុញ​ទម្លាក់ ភ្នំពេញ​ក្រោន ឲ្យ​ទៅ​ឈរ​នៅ​លេខ​៥ ខណៈ វិសាខា ក៏​បាន​ធ្លាក់​ពី​លេខ​៣ ទៅ​ឈរ​នៅ​លេខ​៤​ផងដែរ ប៉ុន្តែ​ណាហ្គាវើល បាន​ហាក់​ពី​៥ មក​ឈរ​នៅ​លេខ​៣ ក្រោយ​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ៤-២ នោះ ហើយ​ក្នុង​នោះ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១៤ Marcio de Olieira រក​បាន​៣​គ្រាប់តែ​ម្នាក់​ឯង។

ចំណែក​ក្រុមកងយោធពល​ខេមរភូមិន្ទុ បាន​យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់សុខសែនជ័យ ត្រឹម ១-០ ទាំង​លំបាក​បំផុត ហើយ​នៅ​ក្នុងការ​ប្រកួតដ៏​តាន​តឹង​នេះ អ្នក​ចាំទី គង់ រ៉ាហ្វាត់ ​របស់​គិរីវង់សុខសែន​ជ័យ បានរង​របួស​រហូត​ដល់សន្លប់ និង​ត្រូវបានបញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ​ភ្លាមៗ។ រីឯ​ក្រុមនគរ​បាលជាតិ ​បាន​ត្រឹមស្មើ ១-១ ជាមួយ​ក្រុមយុវជន​បាល់​ទាត់​ជាតិ​បាទី ដែល​ធ្វើ​ឲ្យ​ពួក​គេ បន្ត​ឈរ​នៅ​លេខ​រៀងទី១១​ដដែល៕