សំឡេងសន្ធឹកស្គរជ័យ នឹង​ត្រូវ​លាន់ឭឡើង នៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ នា​ល្ងាចថ្ងៃសុក្រ​ខាង​មុខ​នេះ ដើម្បីជា​និមិត្ត​រូប​នៃ​ពិធី​រាប់ថយ​ក្រោយ​១០០០ថ្ងៃ ត្រៀម​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ជា​ប្រវត្តិសាស្រ្ត​លើកដំបូង។

ក្រោយ​ពីពិធី​រាបថយ​ក្រោយ​១០០០ថ្ងៃ​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​៣២ ឆ្នាំ​២០២៣​ ​ហៅ​កាត់​ថា ​CAMSOC​ ក៏​នឹង​​ប្រកាស​ពាន​រង្វាន់​ជូន​​ជយ​លាភី​ ដល់​បេក្ខជន​ បេក្ខនារី ដែល​ឈ្នះការ​ប្រឡង​​ស្លាក​សញ្ញា​ ឬ​និមិត្តសញ្ញា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ស្លាក​​​សញ្ញា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២៣ (Logo-Mascot SEA Games-ASEAN Para Games 2023) ផងដែ។

នៅ​ក្នុង​ពិធី​ផ្លូវ​ការ​ដ៏​ធំ ដែល​មិនធ្លាប់​មាន​នៅ​កម្ពុជា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង ក្រោម​អធិតី​ភាព​​របស់​​​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC និង​មន្រ្តី​អ្នកមុខ អ្នក​ការ ​របស់ CAMSOC ជា​ច្រើន​ទៀត ហើយនៅ​ក្នុង​ពិធី​នោះ ក៏​មាន​ការ​សម្តែង​ក្បាច់​គុន និង​សម្តែង​សិល្បៈ ដើម្បី​អប់អរ​ផងដែរ ជាមួយ​ពាក្យ​ស្លោក​​របស់ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ គឺ​កីឡារស់​ក្នុងសន្តិភាព។

បើ​តាម​កម្ម​វិធី​ផ្លូវ​ការ​របស់ CAMSOC ដែល​បាន​រៀបចំត្រៀម​រួច​ជា​ស្រេច​នោះ គឺ​កម្ម​វិធី​នៅ​ថ្ងៃសុក្រ ទី​៧ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ នឹង​ចាប់​ផ្តើម​ដោយ​របាំជូនពរ នៅ​ម៉ោង​៥តទៅ មុន​ពេល​លោក​រដ្ឋមន្រ្តី ថោង ខុន ដែលជាអនុ​ប្រធាន​អចិន្រ្តៃយ៍ CAMSOC ថ្លែងសន្ទរកថា ព្រមទាំង​កិច្ចសំណេះសំណាល និង​អនុសាសន៍​ណែនាំ​​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់។

បន្ទាប់​មក CAMSOC នឹង​ប្រកាស​បេក្ខជន បេក្ខនារី ដែល​ទទួល​បាន​ជយលាភី នៅ​ក្នុង​ការ​ប្រឡងគំនូ សម្រាប់ Logo-Mascot SEA Games-ASEAN Para Games 2023 និងការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ទៅ​ដល់​អ្នក​ឈ្នះ​ជយលាភី ហើយក្រោយមក នឹង​មានការ​សម្តែង​ក្បាច់គុន​ល្បុក្កតោ និងកីឡា​រាំ ព្រម​ទាំង​ការ​សម្តែង​សិល្បៈ មុន​ឈាន​ទៅ​ដល់​​ពិធី​រាប់​ថយក្រោយ​១០០០ថ្ងៃ ដោយមាន​​សន្ធឹក​ស្គរជ័យ​​ អប​អរ​សាទរ​ ដើម្បី​បញ្ជាក់​ពី​ការ​ត្រៀម​របស់​កម្ពុជា ក្នុងការ​ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់​ផ្ទះ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ នៅ​ឆ្នាំ​២០២៣៕