ប្រទេសអាល្លីម៉ង់៖ ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏ច្រើន​បំផុត​ក្នុង​អាជីព​នៅ​ Bundesliga តាមរយៈការរក​បាន​៣៤គ្រាប់​នៅ​រដូវ​កាល​នេះ ក្រុម​កំពុង​ប្រជែង​ពាន​៣ Bayern Munch សង្ឃឹម​ថា ខ្សែ​ប្រយុទ្ធ Robert Lewandowski អាច​រក​បាន​គ្រប់​បាល់​បញ្ចូល​ទី​ជាច្រើន​ទៀត ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​វគ្គ​ចាញ់​ធ្លាក់​នៃក្រប​ខ័ណ្ឌ Champions League​។

ទូ​ទាំង​អឺ​រ៉ុប មាន​តែ​ខ្សែ​ប្រយុទ្ធ Ciro Immobile ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៦​គ្រាប់​ក្នុង Serie A សម្រាប់ Lazio ប៉ុណ្ណោះ បាន​រក​គ្រាប់បាល់​បញ្ចូល​ទីក្នុងក្រប​ខ័ណ្ឌលីក​​នា​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ ច្រើន​ជាង Lewandowski ដែល​ជា​អ្នក​រក​បានគ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​អាល្លឺម៉ង់​​។ រូប​គេ​គឺ​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ក្នុង Champions League នៅ​រដូវ​​កាល​នេះ តាម​រយៈ​​ការ​រក​បាន​១១​គ្រាប់ ក្នុង​ការ​ប្រកួត​៦​លើក​។ Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥១​គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ នៅ​រដូវ​កាល​នេះ និងកំពុង​តែ​សមឹ្លង​រក​ការ​បន្ត​នូវ​ភាព​មុត​ស្រួច​របស់​ខ្លួន ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ពេលក្រុម​ខ្លួន​ផ្តួល Leverkusen ៤-២ ក្នុង​ពាន German Cup កាលពី​ខែកក្កដា​។

ទាក់ទង​នឹង Lewandowski លោក Hansi Flick គ្រូបង្វឹក​របស់ Bayern បាន​បញ្ជាក់​ថា៖ «រូប​គេ​ជា​កីឡាករពោរពេញដោយ​សមត្ថភាពនៅ​ពីមុខ​ទី និង​មាន​គ្រប់ចំណុច​ទាំង​អស់​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​ការ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia