បរទេស៖ ក្លិប Barcelona កំពុង​តែ​សង្ឃឹម​​ថា «នឹង​ទទួល​បាន​ចម្លើយ​វិជ្ជ​មាន» ពី​ក្លិប Bayern Munich ក្រោយពី​បាន​ដាក់​សំណើ​​ដើម្បីទិញខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​ប្រធាន​ក្លិប​លោក Joan Laporta កាលពីថ្ងៃព្រហស្បតិ៍​។ អំឡុង​ពេល​​នៃ​ការ​បង្ហាញខ្លួន​របស់​កីឡាករ​ចំណូល​ថ្មី Andreas Christensen លោក Laporta បាន​និយាយ​ថា៖ «យើង​បាន​​ដាក់​សំណើ​មួយ​សម្រាប់​កីឡាករ​រូបនេះ​។

យើង​កំពុង​រង់​ចាំ​​ចម្លើយ ហើយ​យើង​នឹង​​រង់​ចាំមើល​ថា វា​មានវិជ្ជ​មាន​ ឬអត់​»​។ ក្លិប Bayern បានប​ញ្ជាក់​កាលពី​មុន​ថា Lewandowski ដែល​​បានប​ញ្ជាក់​ពី​បំណង​របស់​គេ​​ក្នុងការ​ចាក​ចេញពី​ក្រុម​​ម្ចាស់​​ជើង​​ឯក​អាល្លឺ​ម៉ង់​មួយ​នេះ ត្រូវ​តែ​បំពេញ​​កិច្ច​សន្យា​របស់​គេ​ដែល​បន្ត​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣​។ លោក Laporta បាន​ឲ្យដឹងថា៖ «យើង​​សូម​ថ្លែង​អំណរ​គុណ​ដល់ Lewandowski សម្រាប់​រាល់​ការ​បង្ហាញ​ទាំង​អស់​ដែលរូប​គេ​បាន​ធ្វើ​ដើម្បី​បង្ហាញ​ថា រូប​គេ​ចង់​មក​ចូលរួម​ជា​មួយនឹង​យើង​»​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣ឆ្នាំ​រូបនេះ ដែល​​ជាប់​ជា​​កីឡាករ​ឆ្នើម​បំផុត​របស់ FIFA ចំនួន​២លើក បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៣៩៨​គ្រាប់ ក្នុងក្រប​ខ័ណ្ឌ Bundesliga ក្នុងការ​បង្ហាញខ្លួន​២៥២​​​លើក ក្នុង​រយៈ​ពេល​៨​ឆ្នាំ​សម្រាប់​​ក្លិប​ Bayern​​។ កាល​ពី​ចុង​ខែ​មិថុនា បណ្តាញ​សារ​ព័ត៌​មាន​អាល្លឺ​ម៉ង់ បាន​បង្ហាញ​ថា Barca បាន​ដាក់​សំណើ​ក្នុង​ទឹកប្រាក់ចំនួន​៤០លាន​អឺ​រ៉ូ (ស្មើ​នឹង​៤១លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​​៥​លាន​អឺ​រ៉ូផ្សេង​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia