​ក្រុមកំពុង​គ្រប់គ្រង​តំបន់កំពូល​តារាងនៃ​លីកកំពូល​កម្ពុជា ឆ្នាំ​២០២០​ព្រះខ័នរាជ​ស្វាយរៀង បាន​មើល​ឃើញ​ថា ទីតាំង​លេខ​១​របស់​ពួកគេ កំពុងតែ​ស្ថិត​នៅ​ក្នុង​ការ​គ្មាន​ស្ថិរភាព ខណៈ​ក្រុម​មានមូល​ដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ ត្រូវធ្វើ​ដំណើរ​មក​ជួបក្រុមខ្លាំង វិសាខា នៅ​កីឡដ្ឋានស្តាតចាស់ នា​ល្ងាច​ម៉ោង​៦ ថ្ងៃសៅរ៍​នេះ។

បើ​ទោះបីជា ក្រុមស្វាយរៀង ទើបតែ​យក​ឈ្នះ​ក្រុម​ខ្លាំង សម្បូរ​ធនធាន វិសាខា ៣-២ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​គ្រូ​ជំនួយ​ក្រុមស្វាយរៀង លោក ជូ សារឿន បាន​ចាត់ទុក​ ណាហ្គាវើល ជាឧបសគ្គ​ធំ១ ក្នុងចំណោម​ឧបសគ្គធំ​ទាំង​២ ដែល​ក្រុមស្វាយរៀង ត្រូវ​ជួប​ប្រទះ ព្រោះក្នុង​​៣​ប្រកួត​​ចុង​ក្រោយ នៅ​ជើងទី​១​នេះ ស្វាយរៀង ក៏​ត្រូវ​ជួប​បឹងកេត ផងដែរ។

លោក ជូ សារឿន បាន​​និយាយ​ថា៖ ​«ទី​តាំង​​កំពូល​តារាង ដែល​ពួក​យើង កំពុង​​គ្រប់​គ្រង​ពេលនេះ នៅ​មិន​ទាន់​មាន​ស្ថេរភាព រហូត​ដល់​ចប់​​ជើង​ទី​១​នោះ​​ទេ ព្រោះការ​បន្ត​ទៅ​ជួប​ក្រុមណាហ្គាវើល និង​បឹង​កេត សុទ្ធតែ​ជាការ​ប្រកួត​ដែល​លំបាក​ និងជាឧបសគ្គ​របស់​យើង ដែល​យើងត្រូវតែ​ខំ​ប្រឹងប្រែង និងលេង​ដោយប្រុងប្រយ័ត្ន​បំផុត»។

វា​ជា​ការពិតណាស់ ក្រុម​ព្រះខ័នរាជស្វាយរៀង នឹង​ធ្លាក់ចេញ​ពីកំពូល​តារាង នៅ​សប្តាហ៍​ទី​១១​នេះ បើ​សិនជា​ពួកគេ មិនអាច​ដណ្តើម​បាន​៣ពិន្ទុ ឬ​ចែក​គ្នា​ម្នាក់​១ពិន្ទុ​ជាមួយ​ក្រុមណាហ្គាវើល បាន​ទេ​នោះ ព្រោះនៅ​សប្តាហ៍នេះ ក្រុ​ម​បឹងកេត ដែលកំពុង​ឈរ​នៅ​លេខ​២ ហើយ​មាន​ពិន្ទុ​តិចជាង ស្វាយរៀង តែ​២ពិន្ទុ​នោះ ត្រូវបាន​គេ​មើល​ឃើញ​ថា នឹង​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម ខណៈ​ពួកគេ ត្រូវ​ជួបក្រុម​មាន​បទពិសោធ​ក្មេងខ្ចី យុវជន​បាល់​ទាត់ជាតិបាទី នៅ​ថ្ងៃអាទិត្យ​នោះ។

យ៉ាង​ណា​មិញ ក្រុមណាហ្គាវើល ដែល​​មាន​២១ពិន្ទុ ក៏​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ដើម្បី​រក្សា​ទី​តាំង​លេខ៣​របស់​ខ្លួន​ផងដែរ ខណៈ​ជំនួប​ជាមួយ​ក្រុមស្វាយរៀង នៅ​ថ្ងៃសៅរ៍នេះ ណាហ្គាវើល បាន​បង្ហោះ​នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួន​ថា៖​« នេះ​គឺ​ជា​ប្រកួត​ធំ​ប្រចាំ​សប្ដាហ៍​ទី១១​ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល ២០២០ ពួក​យើង បាន​ត្រៀមខ្លួន​រួច​ហើយ សម្រាប់​ទទួល​ភ្ញៀវដ៏ពិសេស (ស្វាយរៀង) ក្នុងសប្តាហ៍នេះ»៕