បរទេស៖ លោក Ole Gunnar Solskjaer ពិតជាចង់ឲ្យក្រុម Manchester United បញ្ចប់រដូវកាលដែលរងគ្រោះដោយសារតែវីរុសកូរ៉ូណា តាមរយៈការឈ្នះពានក្របខ័ណ្ឌ Europa League ដោយលោកចាត់ទុកថា ជាពេលវេលាដ៏មានមោទនភាពបំផុតក្នុងជីវិតរបស់លោក។
បានធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅរាត្រីនេះ ជាមួយនឹងក្រុមរបស់ដាណឺម៉ាក FC Copenhagen ខណៈដែលលោក Solskjaer សង្ឃឹមថា អាចឈ្នះពាននៅថ្ងៃទី២១ ខែសីហា ខាងមុខ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ ក៏អាចកើតឡើងផងដែរ ដោយពួកគេអាចនឹងត្រូវប៉ះជាមួយនឹងក្រុម Sevilla។ ក្រោយពីបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការ២រួចជាស្រេចនៅរដូវកាលនេះ មុននឹងចាញ់ក្រុម Manchester City ក្នុង LeagueCup និង Chelsea ក្នុង FA Cup គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ចង់ឲ្យក្រុមខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រ។ លោក Solskjaer បានឲ្យដឹងថា៖ «ខ្ញុំគឺជាមនុស្សមានហិច្ឆតា ហើយសុបិនមួយក្នុងចំណោមសុបិនរបស់ខ្ញុំ គឺការលើកពាននេះ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបនេះ។
ការឈ្នះពាននឹងក្លាយជាវេលាដ៏មានមោទនភាពបំផុតក្នុងជីវិតរបស់ខ្ញុំ»។ គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Premier League ៦លើក ពាន FA Cup ២លើក និងពានក្របខ័ណ្ឌ ChampionsLeague ១លើក ក្នុងនាមជាកីឡាករ និងបានស៊ុតបាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនឈ្នះពាន៣ក្នុងរដូវកាតែមួយ៕
ប្រភពព័ត៌មាន៖ Channel News Asia