ក្រុមអង្គរថាយហ្គឺរ ដែល​ទើប​ជួបការ​ខក​ចិត្តខ្លាំង នៅ​ក្នុងការ​ប្រកួត​ពានសម្តេច​ហ៊ុនសែន នោះ បាន​ចាត់​ទុកការ​វិល​មកជួប​ក្រុមណាហ្គាវើល ក្នុងការ​ប្រកួតលីកកំពូលកម្ពុជា នៅ​សប្តាហ៍នេះ ថា​ប្រៀប​បាន ទៅនឹងការ​ប្រកួតកាត់​សេចក្តី​ចុងក្រោយ ដើម្បីកំណត់​ពីជោគ​វាសនា​របស់​ខ្លួន ប៉ុន្តែ​ដៃ​គូ​ប្រជែង Top6 របស់​ពួកគេ គឺ​ក្រុមកង​យោធពល​ខេមរភូមិន្ទុ (ទ័ព) ក៏ត្រូវ​ធ្វើការ​ងារ​ធ្ងន់​ដូច​គ្នា។

​ក្រុមអង្គរ​ថាយហ្គឺរ នៅ​ពេល​នេះ បាន​នឹងកំពុង​ធ្វើ​ឲ្យអ្នក​គាំ​ទ្រ​របស់​ខ្លួន មានការ​ខឹង និង​អស់​សង្ឃឹម ខណៈពួកគេ បានទៅ​​ចាញ់​ក្រុមយុវជន​វិសាខា ដែល​លេង​តំណាង​ឲ្យ​ខេត្ត​ព្រៃ​វែង ៣-២ ដ៏​មិនគួរ​ឲ្យចង់​ជឿ​ នៅ​ក្នុងការ​ប្រកួតជើងទី​១ វគ្គ​១៦​ក្រុមចុង​ក្រោយ ពាន​រង្វាន់​សម្តេចហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​នោះ ហើយ​នៅ​ថ្ងៃសៅរ៍នេះ អង្គរ​ថាយហ្គឺរ ​ត្រូវ​ប្រឈម​​ជាមួយ​ក្រុមខ្លាំង ណាហ្គាវើល ទៅ​ទៀត។

លោក អ៊ុំ ករុណា លេខាធិការ​​ក្លិប​អង្គរ​ថាយហ្គឺរ  បាន​ទទួល​ស្គាល់​ថា ក្រុម​ណាហ្គាវើល ជា​ក្រុមដ៏​ខ្លាំងមួយ នៅ​លីកកំពូល ដែល​មាន​ការពិបាក ក្នុងការ​ទប់​ទល់ ប៉ុន្តែ​ក្រុម​របស់​លោក គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​លេង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ប្រជែង​យក​៣ពិន្ទុនោះទេ ព្រោះ​បើសិនជា​ចាញ់ គឺ​ពួក​គេ នឹង​បញ្ចប់ឱកាសខ្លួន​ឯង​ត្រឹម​នេះ ក្នុងការ​ប្រជែង​ឡើងទៅ​តំបន់ Top6 ដែលជា​ទីតាំង អាច​មាន​សិទ្ធិ​​ប្រកួត​ប្រជែង​យក​ពាន នៅ​ជើងទី​២។

លោក អ៊ុំ ករុណា បាន​ប្រាប់​ថា៖ ​«ជំនួបនេះ វា​ដូច​ទៅ​នឹង​ការ​​ប្រកួតកាត់​សេចក្តី​ចុងក្រោយ​របស់​យើង​ដែរ ថាតើ យើង​នៅមាន​ឱកាស​​ប្រជែង​​ទៅ Top6 ឬ​អស់ឱកាស​ត្រឹម​​​នេះ អ៊ីចឹង​ទោះ​បីជា​ ណាហ្គាវើល ជា​ក្រុមខ្លាំង នៅ​ក្នុង​លីកកំពូល ប៉ុន្តែ​​កីឡាករ​របស់​​យើង បាន​ប្តេជ្ញា​ចិត្តហើយ​ថា ត្រូវ​ខំ​ប្រឹង​លេង​ឲ្យ​អស់​ពី​អ្វី​ដែល​យើងមាន ដើម្បី​​ធ្វើ​ម៉េច​ឲ្យ​ឈ្នះការ​ប្រកួត ព្រោះបើ​យើង​​ចាញ់ គឺ​យើង​មិនបាន​​ចូល​ទៅ​ក្នុង​ Top6 នោះ​ទេ ដ្បិត​អី​ពេលនេះ ក្រុមទ័ព មាន​ឱកាស​ច្រើនជាង​យើង»។

យោងតាម​លទ្ធផល​នៃ​ការ​ប្រកួត​១០​លើក​កន្លង​មក​នេះ ​ក្រុមអង្គរ​ថាយហ្គឺរ ​ដែលបាន​ធ្លាក់​មក​ឈរ​នៅ​លេខ​៧ គឺ​មាន​ឱកាស​ត្រឹម​ប្រជែង​យក​លេខរៀងទី​​៦ ជាមួយ​ទ័ព ហើយ​ការ​ទទួល​បានឱកាស​​នេះ លុះ​ត្រា​​តែ​អង្គរថាយហ្គឺរ អាច​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ផងដែរ ស្របពេលក្រុមទ័ព ជួបការ​ចាញ់​ផងដែរ ព្រោះ​សម្រាប់ការ​ប្រកួតលើកទី​១២​ចុង​ក្រោយ ក្នុង​ជើងទី​១​នេះ ទាំង​២នេះ សុទ្ធតែ​អាច​រក​ឃើញ​ការ​ឈ្នះ​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ ការ​តាំង​ចិត្ត​ខ្ពស់​របស់​គ្រូបង្គោល​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា ក្នុងការ​ដឹកនាំ​ក្រុម​ឲ្យទទួលបានជ័យជម្នះ សម្រាប់ការ​ប្រកួត​២​លើក​ចុង​ក្រោយ ក្នុងជើងទី​១​នេះ បាន​បង្ហាញ​ថា ឱកាស​ប្រជែងយក​​៣ពិន្ទុ​របស់​ក្រុម​អង្គរ​ថាយហ្គឺរ វា​មិនមែន​ជាការ​ងាយស្រួល​នោះ​ទេ ចំណែក​ក្រុមទ័ព ក៏ពិបាក​រក​ការ​ឈ្នះ​ដូច​គ្នា ព្រោះ​នៅ​សប្តាហ៍​នេះ ពួកគេ ត្រូវ​​ប្រឈម​ជាមួយ ភ្នំពេញ​ក្រោន ដែល​​កំពុងស្រេក​ឃ្លានការ​ឈ្នះ ដើម្បីដណ្តើម​ទីតាំង​លេខ​៣ ពី​វិសាខា​។

ផ្ទុយពីនេះ ​ក្រុម​ព្រះ​ខ័នរាជស្វាយរៀង អាច​នឹង​នៅតែ​មាន​ស្ថិរភាព ក្នុងការ​រក​បាន​ជ័យជម្នះ ដើម្បី​ពង្រឹង​ទីតាំងកំពូល​តារាង​របស់ខ្លួន ចំណែក​ក្រុមបឹងកេត ក៏​អាច​នឹង​ឈ្នះ​បាន​៣ពិន្ទុ ដើម្បី​បន្ត​ឈរ​នៅ​លេខ​២​ផងដែរ ព្រោះ​ក្រុមទាំង​២​នេះ សុទ្ធតែ​ត្រូវជួប​ក្រុមមាន​កម្រិត​លេង​ទាប​ជាងខ្លួន៕