បរទេស៖ លោក Julian Nagelsmann គ្រូបង្វឹក​របស់​ក្រុម RB Leipzig គ្រោងទប់ស្កាត់ការ​លេង​បែប​វាយ​សម្រុក​របស់​ក្រុម Paris Saint-Germain ក្រោមជំនួយ​ពី​ខ្សែ​ប្រយុទ្ធ Neymar និង Kylian Mbappe និង​បង្កើត​ការ​ភ្ញាក់​ផ្អើលមួយ​ផ្សេង​ទៀត​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រី​នេះ​។

Nagelsmann វ័យ​៣៣​ឆ្នាំ គឺ​ជា​គ្រូបង្វឹក​វ័យ​ក្មេង​បំផុត​ដែល​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ហើយ​និ​ងព្យាយាម​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយផ្សេង​ទៀត​សម្រាប់​ក្រុម Leipzig ក្រោយពី​បាន​ផ្តួលក្រុម Atletico Madrid របស់​លោក Diego Simeone ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ពេល​ពួកគេ​ទៅ​ជួបក្រុម PSG ក្នុង​ទីក្រុង Lisbon​។ លោក Nagelsmann បាន​ឲ្យដឹង​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​គឺ​ជាក្រុមមួយ​ដែល​អាច​ដណ្តើម​យក​ឱកាស​នានា នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​កំពូល​ៗ នៅ​អឺ​រ៉ុប​។ យើង​បាន​ឃើញ​រួច​ជាស្រេច​ពេល​ប្រកួត​ជាមួយ​​នឹងក្រុម Atletico។ ជាមួយគ្នានេះ លោក Thomas Tuchel ដែល​ជា​គ្រូបង្វឹក​បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Kylian Mbappe រឹង​មាំ​គ្រប់គ្រាន់​ដើម្បី​ចូលលេង​ក្នុង​ជម្រើស​ដំបូងស​ម្រាប់​ក្រុម Paris Saint-Germain ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម RB Leipzig។

អំឡុង​ពេលសន្នី​សីទសារ​ព័ត៌​មាន នៅមុន​ពេល​ការ​ប្រកួត លោក Tuchel បានប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «រូប​គេ​បាន​លេង​រយៈពេល​៣០​នាទី​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Atalanta ហើយ​មិនមាន​បញ្ហា​អ្វី​ឡើយ​។ រូប​គេ​មាន​រយៈពេល​៦​ថ្ងៃ ចាប់តាំងពី​ពេលនោះ​មក ដើម្បីពង្រឹង​លើ​ភាព​រឹង​មាំ​របស់​គេ​ ហេតុនេះ ពិត​ណាស់ រូប​គេ​អាច​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​នឹង​កាត់សេចក្តី បន្ទាប់​ពីការ​ហ្វឹកហាត់ថា រូប​គេ​អាច​លេង​បាន​៩០នាទី ឬអត់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia