បរទេស៖ ការប្រកួតបាល់ទាត់ Ligue-1 របស់បារាំងរដូវកាលថ្មីបានចាប់ផ្តើមឡើងវិញហើយ ក្រោយខកខានអស់រយៈពេល ១៦៧ ថ្ងៃបន្ទាប់ពីយុទ្ធនាការរដូវកាលចាស់ ២០១៩-២០២ ០ត្រូវបានបញ្ចប់មុនកាលបរិច្ឆេទ ខណៈក្រុមភ្ញៀវ Nantes ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Bordeaux ។ ជាលទ្ធផល ការប្រកួត១គូនេះគឺមិនមានគូណាស៊ុតបញ្ចូលទីគ្នាបាននោះ បើទោះបីជា Bordaux នៅសល់អ្នកលេងតែ១០នាក់ ក្រោយពីកីឡាករ Zercane ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពី ការប្រកួតចាប់តាំងពីនាទីទី២០ដើមតង់ទី១មកម្លេះ។
ការប្រកួតរវាងគូនេះជាការប្រកួតបើកឆាកដំបូងគេបន្ទាប់ពីការប្រកួតមុនមួយទៀតគឺ Marseille និង Saint-Etienne ត្រូវបានពន្យារពេលបន្ទាប់ពីការកឃើញកីឡាករ៤រូបលេងអោយក្លឹប Marseille មានលទ្ធផលមេរោគកូវីត-១៩ ។
គួរបញ្ជាក់ថាយុទ្ធនាការរដូវកាលចាស់ត្រូវបានបញ្ចប់នៅខែមេសាដោយសារមេរោគកូវីត-១៩បានរាត ត្បាតទូទៅជាសកលនិងស្ទើរតែទូទាំងទ្វីបអឺរ៉ុប ខណៈ Paris St-Germain បានទទួលពានរង្វាន់នេះ ក្រោយមានគម្លាតដល់ទៅ១២ពិន្ទុលើក្រុមគូប្រជែង Marseille៕