បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានជូនដំណឹងដល់ក្លិប Barcelona ថា រូបគេចង់បញ្ចប់កិច្ចសន្យារបស់គេ «ដោយឯកតោភាគី» ជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះ។ នេះបើយោងទៅតាមប្រភពច្បាស់ការមួយរបស់ក្លិបដែលបានបញ្ជាក់ប្រាប់កាលពីថ្ងៃអង្គារ។
ក្រុមមេធាវីដែលតំណាងឲ្យតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ បានផ្ញើទូរសាមួយទៅឲ្យក្លិប Barcelonaដោយក្នុងទូរសានោះពួកគេបានបញ្ជាក់ពីគោលបំណងរបស់ Messi ក្នុងការរំលាយកិច្ចសន្យារបស់គេ តាមរយៈការអនុវត្តលក្ខខណ្ឌដែលចង់កិច្ចសន្យា ខណៈដែលព័ត៌មាននេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពកីឡាបាល់ទាត់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្លិបនេះ នៅតែរក្សាជំហថា លក្ខខណ្ឌនេះ បានផុតកំណត់កាលពីខែមិថុនាហើយ និងបានបញ្ជាក់ថា រូបគេនៅតែជាប់កិច្ចសន្យារហូតដល់ចុងរដូវកាលឆ្នាំ២០២១។ កាសែតកីឡាប្រចាំថ្ងៃរបស់អេស្ប៉ាញ Marca បានសរសេរថា៖ «ជាគោលការណ៍ លក្ខខណ្ឌនេះ បានផុតកំណត់កាលពីថ្ងៃទី១០ ខែមិថុនា ប៉ុន្តែ ដោយសារតែលក្ខខណ្ឌខុសពីធម្មតាក្នុងរដូវកាលនេះ ដែលត្រូវបានផ្អាកដោយសារតែវីរុសកូរ៉ូណា បានបើកផ្លូវឲ្យ Messi ក្នុងការស្នើសុំការលើកលែងពីកិច្ចសន្យារបស់គេនៅពេលនេះ»។ កាសែតដដែលបានបន្តថា៖ «នេះគឺជាជំហានទី១ឆ្ពោះទៅកាន់ការបើកការចរចា ជុំវិញការចាកចេញរបស់គេ ដោយផ្អែកទៅលើមូលដ្ឋាននៃលក្ខខណ្ឌរំលាយកិច្ចសន្យារបស់គេដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ៧០០លានអឺរ៉ូ»។
Messi បានចូលរួមជាមួយនឹងក្រុមយុវជនរបស់ក្លិប Barcelona ក្នុងវ័យ១៣ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ក្លិប Barcelona ក្នុងឆ្នាំ២០១៤ ក្នុងវ័យ១៧ឆ្នាំ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

