ក្រុមភ្នំពេញក្រោន បានត្រៀមទាំងកាយ ចិត្ត និងឆន្ទៈ ដើម្បីទទួលក្រុមគិរីវង់សុខសែនជ័យ សម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះ៨ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ នៅល្ងាចថ្ងៃសៅរ៍នេះ ចំណែក ណាហ្គាវើល ត្រូវប្រឈមជាមួយក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្តាតចាស់ ដែលជាទីកន្លែង ក្រុមកងយោធពលខេមរភូមិន្ទុ បានយកឈ្នះក្រុមខេត្តព្រៃវែង ត្រឹម ១-០ សម្រាប់ការប្រកួតជើងទី១របស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍។ ការជួបគ្នារវាងក្រុមភ្នំពេញក្រោន និងគិរីវង់ នៅកីឡដ្ឋាន RSN នាល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះ ត្រូវបានគេ ផ្តល់ទំនុកចិត្តខ្លាំង ទៅលើក្រុមភ្នំពេញក្រោន ព្រោះក្រុមមួយនេះ សម្បូរដោយធនធានកីឡាករវ័យក្មេង ក្នុងស្រុក ដែលមានសមត្ថភាពលេងល្អ។

ជាក់ស្តែងការប្រកួតជម្រុះ១៦ក្រុម កន្លងមកនេះ ភ្នំពេញក្រោន បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ជាមួយលទ្ធផលទាំង២ជើង ១០-០។ យ៉ាងណាក៏ដោយ ភ្នំពេញក្រោន ដែលមានមហ្ឆិតាធំ ឆ្ពោះទៅរកការឈ្នះពាននោះ មិនហ៊ានមើលស្រាល ក្រុមគិរីវង់សុខសែនជ័យនោះទេ បើទោះបីជា គិរីវង់ បានឡើងមកដល់វគ្គនេះ ដោយការទម្លាក់ក្រុមនគរបាលជាតិ ដោយប៉េពាល់ប៉េណាល់ទី ៤-៣ ក៏ដោយ ព្រោះការប្រកួតទាំង២ជើង គិរិវង់ និងនគរបាលជាតិ បានស្មើគ្នាបាល់គ្នា ១-១។ ទាក់ទងនឹងការប្រកួតនេះ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរបស់ភ្នំពេញក្រោន ពៅ ប៉ុនវុទ្ធី បាននិយាយថា៖ «ក្រុមរបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ គឺយើងត្រៀមទាំងកាយ ចិត្ត និងឆន្ទៈ ព្រោះ គិរីវង់ មានកីឡាករខ្មែរ ដែលមានគុណភាពមួយចំនួនផងដែរ ហេតុនេះ យើងមិនអាចមើលស្រាលការប្រកួតនេះទេ។ ការប្រកួតនៅពានសម្តេចនេះ យើងមានគោលដៅច្បាស់លាស់ គឺចង់បានពាន ដូច្នេះយើងតែងតែត្រៀមជានិច្ច សម្រាប់ការប្រកួតរបស់យើង»។

ដោយឡែក លោក មាស បានគិតទុករួចទៅហើយថា ក្រុមណាហ្គាវើល របស់លោក នឹងត្រូវប្រឈមការប្រកួតដ៏តានតឹង សម្រាប់ការសា្វគមន៍ ក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្តាតចាស់ នាល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះ ព្រោះលោកមើលឃើញថា កម្រិតលេងរបស់ក្រុមទាំង២នេះ មានភាពប្រហាក់ប្រហែលគ្នា ដែលពិបាក នឹងរកឃើញការឈ្នះដូចគ្នា។ គ្រូបង្វឹកក្រុមណាហ្គាវើលរូបនេះ ប្រាប់ដូច្នេះថា៖ «ការជួបក្រុមស្វាយរៀង ក្នុងពានរង្វាន់សម្តេចនេះ ដឹងតែមានភាពតានតឹងហើយ ព្រោះសុទ្ធតែជាក្រុមដែលមានកម្រិតលេងប្រហាក់ប្រហែលគ្នា។ តែទោះបីជាយ៉ាងណា យើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អ នៅជើងទី១នេះ ព្រោះជាការប្រកួតនៅលើទឹកដីរបស់យើង»៕