បរទេស៖ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Zlatan Ibrahimovic បាន​បន្ត​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​ទៀត​ជាមួយនឹង​ក្លិប AC Milan​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​យក្ស​មួយ​នេះ កាលពីថ្ងៃ​ចន្ទ​។ អតីត​តារាឆ្នើម​អន្តរ​ជាតិ​ស៊ុយ​អែត​រូបនេះ ដែល​ឈាន​វូល​វ័យ​៣៩​ឆ្នាំ​នៅ​ខែ​តុលា បាន​វិល​ទៅកាន់ក្លិប AC Milan កាលពី​ខែមករា ហើយ​និង​បន្ត​នៅ​​កីឡដ្ឋាន San Siro រហូត​ដល់​ចុង​ខែមិថុនា ឆ្នាំ​២០២១​។

​​​​​​​​ក្លិប​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែ​ងការណ៍​មួយ​ថា៖ «នៅ​ថ្ងៃ​នេះ (ថ្ងៃ​ចន្ទ) Zlatan Ibrahimovic បាន​ចូល​រួម​ជាមួយ​​នឹង​មិត្ត​រួម​​ក្រុម និង​លោក​គ្រូបង្វឹក​ Stefano Pioli ជា​ថ្មី​នៅមជ្ឈមណ្ឌល​កីឡា Milanello ដែល​ជាកន្លែង​រូប​គេ​បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ជុំ​ទី​១​នៅ​រដូវ​​កាល​នេះ​»​។ Ibrahimovic បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​របស់​លោក Pioli កាលពី​ពាក់​កណ្តាល​រដូវ​កាល​មុន ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១១​គ្រាប់ ក្នុង​ការ​ប្រកួត​២០​លើក​ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​អស់ ដើម្បី​ជួយ​ឲ្យ​​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​៧​សម័យ​​​កាល​មួយ​នេះ ឈ្នះកៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Europa League​។

កាល​ពី​មុន កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​លេង​ឲ្យ​​ក្លិប AC Milan ពី​រដូវ​កាល​ឆ្នាំ​២០១០ ដល់​២០១២ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥៦​គ្រាប់ និង​ឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A ឆ្នាំ​២០១១ ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia